ព័ត៌មានជាតិ

ភ្ញៀវកកុញទៅលេងតំបន់ផ្សារនិងប្លុកកាស៊ីណូនៅក្រុងប៉ោយប៉ែតឱកាសបុណ្យចូលឆ្នាំចិន ,មិនសូវឃើញជនជាតិចិនទេ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖នាឱកាសបុណ្យចូលឆ្នាំចិនតាមចន្ទគតិឆ្នាំ២០២៤(ថ្ងៃទី០៩-១១ខែកុម្ភ:ឆ្នាំ២០២៤) កន្លងមក មានភ្ញៀវជាតិភាគច្រើននិងភ្ញៀវបរទេសមួយចំនួនតូចបានសម្រុកទៅដើរលេងនិងដើរផ្សារនៅប្លុកបរិវេណកាស៊ីណូ ,ផ្សារទំនើបលក់ទំនិញចម្រុះនិងផ្សាររាត្រីលក់ចំណីអាហារនៅក្រុងប៉ោយប៉ែត។ប៉ុន្តែក៏មិនសូវឃើញជនជាតិចិនច្រើននោះដែរ ។

អាជីវករ  ភ្នាក់ងារសន្តិសុខឯកជន សន្តិសុខកាស៊ីណូនិងសមត្ថកិច្ចនគរបាលនិងអាវុធហត្ថបានឲ្យសារព័ត៌មានដឹងកាលពីថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០២៤ថា: ដោយបរិមាណភ្ញៀវជាតិមកពីខេត្ត រាជធានីនានានិងភ្ញៀវក្នុងខេត្ត ព្រមទាំងភ្ញៀវបរទេសក៏បង្កឲ្យកកកុញមនុស្សនិងយានជំនិះ ហើយបង្កឲ្យកកស្ទុះផ្លូវនានាចេញ-ចូលទៅមក, តំបន់ផ្លូវដើមពុទ្រា,តំបន់ឬប្លុកកាស៊ីណូ,ផ្សារទំនើបតូច(Mart) 7 Eleven, ផ្សារនិងខ្ចូសលក់ប្ហូមអាហារផ្សារទំនើបBig C ,ផ្សារទំនើបParaMax ,ផ្សាររាត្រីទឹកពុះ(ពិភពលក់ចំណីអាហារ) ….ដែលស្ថិតនៅភូមិសាស្ត្រភូមិក្បាលស្ពាន១  ភូមិសាមគ្គីសង្កាត់ប៉ោយប៉ែតនិងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។

ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននោះ គឺនៅល្ងាចនិងរាត្រីចុងក្រោយនៃពិធីគឺថ្ងៃទី១១ខែកុម្ភ:មានភ្ញៀវច្រើនជាងគេ ។ម្យ៉ាងនៅមជ្ឈមណ្ឌលមួយចំនួន ក៏មានការប្រគំតន្ត្រី  ការលោតម៉ុងសាយ អុជកាំជ្រួចផងដែរ ។

យោងមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ រយៈពេល៣ថ្ងៃ(ថ្ងៃទី០៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤)ក្នុងឱកាសបុណ្យចូលឆ្នាំចិន.វៀតណាម មានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តបន្ទាយមានជ័យចំនួន១៣.០២៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន១២.៥៦៦នាក់និងភ្ញៀវទេសចរបរទេសចំនួន៤៥៩នាក់ ។
ភ្ញៀវបានទៅលេងកម្សាន្តបរិវេណកាស៊ីណូនិងផ្សារក្រុងប៉ោយប៉ែត,នៅតាមតំបន់រមណីយដ្ឋានធម្មជាតិជីវចម្រុះអាងត្រពាំងថ្មស្រុកភ្នំស្រុក ,សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះអាវៀន ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ,រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យនិងរមណីយដ្ឋានកែច្នៃអាងជើងគ្រុសនៅស្រុកថ្មពួក ៕