សន្ដិសុខសង្គម

បញ្ជូនយុវជន៦នាក់ទៅសាលាដំបូងក្រោមបទសង្ស័យប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោស

ដោយ៖កំចាយ

កំពត÷ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ បានបញ្ជូនយុវជន៦នាក់ទៅសាលាដំបូង ពីបទសង្ស័យប្រើកាំបិតកាប់គូទំនាស់២នាក់បណ្តាលឲ្យរងរបួស។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា៖ យុវជនទាំង៦នាក់ជាអ្នករស់នៅខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានអាយុចន្លោះពី១៥ឆ្នាំដល់១៩ឆ្នាំ។

សូមរម្លឹកថា៖ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែកុម្ភ: មានអំពើហិង្សាមួយបានកើតឡើងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ដោយក្រុមយុវជន៦នាក់បានយកកាំបិតកាប់លើជនរងគ្រោះ២នាក់បណ្តាលឲ្យរងរបួស រួចព្យាយាមជិះម៉ូតូគេចរៀងៗខ្លួន។

ក្រោយកើតហេតុ កម្លាំងនគរបាលខេត្តកំពតបានតាមស្រាវជ្រាវរហូតដល់ម៉ោង៣រសៀលថ្ងៃដដែលក៏ឃាត់ខ្លួនយុវជនទាំង៦នោះបានជាបន្តបន្ទាប់រួចនាំមកសាកសួរនៅស្នងការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ជនរងគ្រោះទាំង២នាក់ គឺ១. ឈ្មោះ វឌ្ឍន: វិទូ ភេទប្រុស អាយុ ១៦ឆ្នាំ និង២. ឈ្មោះ ហុង សេនប៊ុនឡេង ភេទប្រុស អាយុ ១៧ឆ្នាំ។ ទាំង២នាក់មានទីលំនៅខណ្ឌទួលគោក រាជធានីភ្នំពេញ៕