សន្ដិសុខសង្គម

កងរាជអាវុធហត្ថបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឲ្យដឹងថា : កម្លាំងបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ឈ្មោះ ថូសាវ៉ាត់ នុបផាកន ហៅហ្វីត ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ចាប់យកសម្ភារវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់១,៤០ក្រាម, គ្រាប់ថ្នាំចម្រុះពណ៌ (អ៊ិចស្តាស៊ី) ចំនួន០១ថង់កិប ស្មើនឹង១២គ្រាប់ ទម្ងន់៤,៣៥ក្រាម, កញ្ចប់ម្សៅចម្រុះពណ៌ (ប្រភេទថ្នាំសប្បាយលាយទឹក) ចំនួន០៦កញ្ចប់ ទម្ងន់៣២,៥១ក្រាម, ស្ករគ្រាប់បៀមចំនួន០៣កញ្ចប់ ស្មើនឹង០៣គ្រាប់, ទូរសព្ទដៃចំនួន០២គ្រឿង, ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ , ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០១វង់, សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល, កាបូបស្ពាយពណ៌ខ្មៅចំនួន០១,កូនកាំបិតបត់ពណ៌ខ្មៅចំនួន០១ដើម ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

ជនសង្ស័យជាបុគ្កលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួចបានឆ្លេីយសារភាពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ  ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕