អន្តរជាតិ

អ៊ីស្រាអែលអះអាងថារកឃើញរូងក្រោមដីរបស់ហាម៉ាសនៅក្រោមទីស្នាក់ការកណ្តាល UNRWA នៅតំបន់ Gaza

ប្រែសម្រួល៖ ស-សម្បត្តិ
យោធាអ៊ីស្រាអែលបានអះអាងថា ខ្លួនបានរកឃើញបណ្តាញផ្លូវរូងក្រោមដីថ្មីរបស់ក្រុមហាម៉ាស់ នៅក្រោមទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរបស់ប៉ាឡេស្ទីនហៅថា UNRWA ដែលកំពុងប្រយុទ្ធនៅទីក្រុង Gaza ដោយចោទថាប្រព័ន្ធសម្ងាត់នេះបានលួចចរន្តអគ្គិសនីដោយផ្ទាល់ពីកន្លែងនោះសម្រាប់ប្រើប្រាស់។

ប៉ុន្តែមន្រ្តីទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរបស់ប៉ាឡេស្ទីន UNRWAនៅទីក្រុង Gaza បានធ្វើការបដិសេធទៅនឹងរបាយកាណ៍របស់យោធាអ៊ីស្រាអែលជុំវិញការរកឃើញរូងនៅក្រោមដីនៅក្រោមUNRWA។

វីដេអូដែលបានបង្ហោះលើបណ្តាញ X កាលពីថ្ងៃសៅរ៍ទី១០ កុម្ភៈ បានបង្ហាញពីប្រព័ន្ធផ្លូវរូងក្រោមដីដ៏ធំមួយនៅក្រោមទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរបស់ប៉ាឡេស្ទីនមានជម្រៅជិត ៦០ ហ្វីត និងប្រវែងកន្លះម៉ាយ ជាមួយនឹងច្រកចូលមួយក្នុងចំណោមច្រកចូលចំនួន ១០ ដែលត្រូវបានរកឃើញនៅជិតសាលារៀនមួយ នេះបើយោងតាមប្រភពរបស់កងយោធាអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបាននិយាយថា ឧបករណ៍អគ្គិសនីនៅកន្លែងកើតហេតុបានបង្ហាញថា ពួកសកម្មប្រយុទ្ធបានប្រើប្រាស់ថាមពលពីអង្គការសង្គ្រោះ ដើម្បីផ្តល់ជាថាមពលគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ខ្លួន។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរកឃើញប្រព័ន្ធថាមពលស្រដៀងគ្នាដែលបានដំឡើងនៅក្នុងបណ្តាញផ្លូវរូងក្រោមដីដែលរត់នៅក្រោមមន្ទីរពេទ្យនៅហ្គាហ្សា និងបានលួចចរន្តអគ្គិសនីពីអគារនាៗ។

UNRWA បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីត្រូវបានគេបង្ហាញថា យ៉ាងហោចណាស់មានបុគ្គលិក ១២ នាក់បានចូលរួមក្នុងការវាយប្រហារភេរវករ Hamas ដ៏ឃោរឃៅកាលពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្តាលឲ្យមនុស្សជាង ១,២០០ នាក់ស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល។
ចារកម្មអ៊ីស្រាអែលក៏អះអាងដែរថា បុគ្គលិកភាគច្រើននៅក្នុង UNRWA ដែលជាទីភ្នាក់ងារសង្គ្រោះតែមួយគត់សម្រាប់ជនភៀសខ្លួនជិត ២ លាននាក់នៅហ្គាហ្សា មានសាច់ញាតិដែលមានទំនាក់ទំនងជាមួយក្រុមភេរវករប៉ាឡេស្ទីន។

យោធាអ៊ីស្រាអែល វរសេនីយ៍ទោ Ido ដែលឈ្មោះចុងក្រោយត្រូវបានផ្លាស់ប្តូរដោយយោធាបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលធ្វើដំណើរតាមផ្លូវរូងក្រោមដីកាលពីថ្ងៃព្រហស្បតិ៍ថាគឺជាភស្តុតាងដែលបង្ហាញអំពីបណ្តាញរូងក្រោមដីដែលបានរកឃើញថ្មីត្រូវបានដំណើរការដោយភ្នាក់ងារ UNRWA ។
លោកបាននិយាយថា៖ “នេះជាបន្ទប់អគ្គិសនី អ្នកអាចមើលឃើញនៅជុំវិញនេះ” ដោយចង្អុលទៅខ្សែភ្លើងដែលបានភ្ជាប់ទីស្នាក់ការកណ្តាលរបស់ UNRWA ទៅផ្លូវរូងក្រោមដី។ “ថ្ម អគ្គិសនីនៅលើជញ្ជាំង អ្វីៗគ្រប់យ៉ាងគឺមកពីទីនេះ ថាមពលទាំងអស់សម្រាប់ផ្លូវរូងក្រោមដីដែលអ្នកបានដើរកាត់ពួកវាត្រូវបានផ្តល់ថាមពលពីទីនេះ”។

យោធាអ៊ីស្រាអែលក៏បាននិយាយដែរថា ខ្លួនបានរកឃើញកាំភ្លើង គ្រាប់រំសេវ គ្រាប់បែកដៃ និងគ្រឿងផ្ទុះជាច្រើននៅក្នុងទីស្នាក់ការផងដែរ។
អ្នកសារព័ត៌មានយល់ឃើញថានៅក្នុងការធ្វើដំណើរនេះទោះបីជាមានការអះអាងក៏ដោយយោធាអ៊ីស្រាអែលក៏ដោយតែយោធាអ៊ីស្រាអែលមិនបានផ្តល់ភស្តុតាងច្បាស់លាស់ថាពួកភេរវករហាម៉ាសកំពុងប្រតិបត្តិការយ៉ាងសកម្មនៅក្រោមទីស្នាក់ការ UNRWA នោះទេ។

អគ្គស្នងការ UNRWA Philippe Lazzarini បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងារផ្តល់ជំនួយមិនបានដឹងអំពីកន្លែងរបស់ពួកហាម៉ាសនៅក្រោមដីនោះទេ ប៉ុន្តែបានកត់សម្គាល់ថាការរកឃើញនេះសមនឹងត្រូវធ្វើការ “ស៊ើបអង្កេតប្រកបដោយឯករាជ្យ” ។
Lazzarini បានបន្ថែមថា ទីស្នាក់ការកណ្តាលត្រូវបានត្រួតពិនិត្យនៅក្នុងខែកញ្ញា ហើយមិនមានសញ្ញាណាមួយថាត្រូវបានរកឃើញថាត្រូវបានរំខានដោយក្រុមហាម៉ាសនោះទេ។
Lazzarini បានសរសេរអំពីការចោទប្រកាន់របស់អ៊ីស្រាអែលនៅលើ X ថា “UNRWA គឺជាអង្គការអភិវឌ្ឍន៍មនុស្ស និងមនុស្សធម៌ ដែលមិនមានជំនាញខាងយោធា និងសន្តិសុខ ឬសមត្ថភាពក្នុងការធ្វើការត្រួតពិនិត្យយោធាអំពីអ្វីដែលមាន ឬអាចស្ថិតនៅក្រោមទីតាំងរបស់ខ្លួននោះទេ”។

មន្ត្រីអង្គការសហប្រជាជាតិបានលើកឡើងថា ការភ្ជាប់ថាមពលដែលត្រូវបានចោទប្រកាន់របស់យោធាអ៊ីស្រាអែលអំពីផ្លូវរូងក្រោមដី និងមូលដ្ឋាន និងអាវុធដែលបានទើបនឹងរកឃើញនោះទំនងជារឿងកើតឡើងថ្មីៗ ដោយសារទីភ្នាក់ងារនេះមិនបានទៅមើលទីស្នាក់ការកណ្តាលរបស់ខ្លួនឡើងវិញចាប់តាំងពីត្រូវបានជម្លៀសចេញកាលពីថ្ងៃទី ១២ ខែតុលាកន្លងមក។
Lazzarini ក៏បានកត់សម្គាល់ផងដែរថាផ្លូវរូងក្រោមដីរបស់ Hamas ត្រូវបានរកឃើញនៅជិតបរិវេណ UNRWA កាលពីមុន ទាំងក្រុមភេរវករ និងអ៊ីស្រាអែលត្រូវបានជូនដំណឹងហើយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចមកហើយផងដែរ។

ដោយមើលឃើញថាមិនមានតម្លាភាពលើការចោទប្រកាន់របស់យោធាអ៊ីស្រាអែលមកលើក្រុមអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងផ្លូវរូងក្រោមដីនោះ Lazzarini បានធ្វើការថ្កោលទោសអ៊ីស្រាអែលថាមិនបានជូនដំណឹងដល់ UNRWA អំពីផ្លូវរូងក្រោមដីថ្មី ដោយទីភ្នាក់ងារនេះគ្រាន់តែសិក្សាអំពីវាតាមរយៈរបាយការណ៍បងហោះលើប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ៕
ប្រភព៖ Post wires