ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែលម្អសោភ័ណភាពក្រុងកំពតឲ្យកាន់តែស្អាតស័ក្តិសមនឹងការទទួលពានលំដាប់អាស៊ាន

ដោយ៖កំចាយ

កំពត÷ រដ្ឋបាលខេត្តបាន និងកំពុងកែលម្អសោភ័ណភាពក្រុងកំពតដើម្បីឲ្យស័ក្តិសមជាទីក្រុងស្អាតដែលទទួលបានពានរង្វាន់លំដាប់អាស៊ាន។

ក្នុងដំណើរចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភ័ណភាពសួនច្បារដងព្រែកនៅចំណុចទីលានកីឡាលើទឹកកាលពីថ្ងៃចុងសប្តាហ៍ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្តបាន និងកំពុងអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុង ដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត២កន្លែងបន្ថែម គឺទី១ឆ្នេរខ្សាច់ចន្លោះពីស្ពានឥន្ទធនូដល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយ និងទី២ ឆ្នេរខ្សាច់ចន្លោះពីស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយដល់ស្ពានរថភ្លើង។ ជាមួយនេះក៏នឹងរៀបចំក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ ការបង្កើតរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនៅខាងមុខសាលមហោស្រពបូកគោ ការកែប្រែទីលានកីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់តាមបណ្តោយមាត់ព្រែកត្រើយខាងលិចដើម្បីបង្កើតផ្លូវ និងសួនច្បារ គម្រោងរៀបចំសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។

លោកអភិបាលខេត្តបានបន្តថា៖ រដ្ឋបាលខេត្តនឹងដាក់ឲ្យអនុវត្តនូវគម្រោងកែលម្អសោភ័ណភាពបន្ថែមទៀត គឺពង្រីកសួនច្បារត្រង់ចំណុចទីលានហាត់ប្រាណកាន់តែធំទូលាយដើម្បីឲ្យព្រែកកំពង់បាយមានទ្រង់ទ្រាយស្អាត។ ចំណែកឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃកុំឲ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ។ ពេលធ្វើរួចរាល់នឹងបំពាក់ភ្លើង ក៏ដូចជាចងទង់ជាតិ ទង់ជ្វាលាទៀតផង។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា បច្ចុប្បន្ន សួនច្បារមាត់ព្រែកក្នុងក្រុងកំពតស្អាតហើយ តែនៅពេលគម្រោងកែលម្អបានបញ្ចប់នោះក្រុងនេះនឹងផ្លាស់ប្តូរមុខមាត់ថ្មី ហើយកាន់តែទាក់ទាញ ពិសេសស័ក្តិសមជាទីក្រុងទេសចរណ៍ដែលទទួលបានពានរង្វាន់លំដាប់អាស៊ាននោះ៕