សន្ដិសុខសង្គម

ជនបរទេសម្នាក់ដេកស្លាប់ក្នុងផ្ទះជួលសង្ស័យដោយសារជំងឺប្រចាំកាយ

បាត់ដំបង÷ ស្ត្រីជនជាតិអង់គ្លេសម្នាក់បានដេកស្លាប់ សង្ស័យដោយសារជំងឺប្រចាំកាយ ព្រឹកឡើងទើបភ្ញាក់ផ្អើល។

ករណីជនបរទេសស្លាប់នេះបានកើតឡើងនៅអំឡុងវេលាម៉ោង០៦:០០ នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ ឋិតត្រង់ចំណុចផ្ទះលេខ ៣១៥ ក្រុមទី៥ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ MURRAY MARY ANNE MCDONALDS ភេទស្រី អាយុ ៦៥ ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៥៤២៩៤៤២៣ មានទីលំនៅភូមិ សង្កាត់កន្លែងកើតហេតុខាងលើ។

បុរសជនបរទេសជាប្តីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា÷ ប្រពន្ធរបស់គាត់មានជំងឺផ្លូវដង្ហើមប្រើប្រាស់ថ្នាំអាលេកហ្សីបំពង់ក ២០ឆ្នាំកន្លងមកហើយ ។នៅយប់មុនពេលកើតហេតុ ប្រពន្ធគាត់បានចូលសម្រាកអំឡុងម៉ោង ១០:០០នាទី ដោយខ្លួនគាត់បានចូលសម្រាកនៅម៉ោង១១:០០នាទី ជិតពាក់កណ្តាលអធ្រាត្រ។ រហូតដល់ព្រឹកភ្ញាក់ឡើងទើបបានដឹងថាប្រពន្ធរបស់បានស្លាប់បាត់ទៅហើយ ទាំងមិនមានប្រតិកម្មអ្វីសូម្បីបន្តិចសោះ។

នគរបាលជំនាញបានអះអាងថា÷ ក្រោយពិនិត្យធ្វើកោសល្យវិច័យ រួមជាមួយក្រុមគ្រូពេទ្យ លទ្ធផលបញ្ជាក់ថា÷ ជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូងធ្ងន់ធ្ងរ។

បច្ចុប្បន្នសាកសពរង់ចាំការសម្រេចរបស់ស្ថានទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជានឹងមានវិធានការច្បាប់បន្ត៕