អន្តរជាតិ

រូបភាពវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញពីមនុស្សបីនាក់បានរត់ចេញពីយន្តហោះដែលបានធ្លាក់ផ្ទុះឆេះនៅរដ្ឋFlorida

ប្រែសម្រួល៖ ស-សម្បត្តិ

រូបភាព​វីដេអូ​ដែល​មើលទៅធ្វើ​ឲ្យ​បេះដូង​លោតខុសចង្វាក់​ខណ:ដែល​មនុស្ស​បី​នាក់​បាន​រួច​​ផុត​ពីសេចក្តីស្លាប់ហើយបានរត់​ចេញ​ពី​យន្តហោះដែលបានធ្លាក់ផ្ទុះឆេះ​​នៅ​រដ្ឋ Florida ដែលបាន​សម្លាប់​មនុស្ស​ពីរ​នាក់​​កាល​ពី​ដើម​សប្តាហ៍​នេះ។

ការិយាល័យតម្រួតខោនធី Collier បាននិយាយថា Murphy អាយុ ៥០ ឆ្នាំ និងសហនាវិកបើកបរ Ian Frederick Hofmann អាយុ ៦៥ ឆ្នាំត្រូវបានគេកំណត់អត្តសញ្ញាណថាអ្នកទាំងពីរបានស្លាប់នៅក្នុងការធ្លាក់យន្តហោះដ៏គួឲ្យរន្ធត់នេះ។

ចំណែកមនុស្ស​បី​នាក់ដែល​បាន​រួច​​ផុត​ពីសេចក្តីស្លាប់ហើយបានរត់​ចេញ​ពី​យន្តហោះដែលបានធ្លាក់ផ្ទុះឆេះ​​នៅ​រដ្ឋ Florida នោះ គឺជាសមាជិនាវិកមានឈ្មោះថា Sydney Ann Bosmans អាយុ ២៣ ឆ្នាំ និងអ្នករួមដំណើរ Aaron Baker អាយុ ៣៥ ឆ្នាំ និង Audra Green អាយុ ២៣ ឆ្នាំ ដែលអ្នកទាំងបីនៅរស់រានមានជីវិតហើយត្រូវបានគេឃើញតាមរូបភាពក្នុងវីដេអូនោះ កំពុងតែរត់ត្របាញ់ជើង ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាលរបួសរបស់ពួកគេ។ ចំពោះស្ថានភាពរបស់ពួកគេគឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

រូបភាពរបស់វីដេអូដែលត្រូវបានចែករំលែកដោយសារព័ត៌មានក្នុងស្រុក ១០ News បានបង្ហាញឲ្យឃើញថា អ្នកទាំងបីកំពុងរត់ចេញពីបំណែកបាក់បែករបស់យន្តហោះដែលត្រូវបានឆាបឆេះបាញ់ផ្សែងខ្មៅដេដាស់នៅពេលវាធ្លាក់ហើយផ្ទុះឆេះនៅលើផ្លូវលេខ I-75 ក្នុងរដ្ឋ Florida ។

អ្នកបើកបររថយន្តដែលឆ្លងកាត់ឈ្មោះ Kyle Cavaliere បានឈប់ហើយស្រែកខ្លាំងៗថា”មានអ្នកផ្សេងទៀតនៅក្នុងទីនោះដែរទេ?” ។

​​គេ​ឮស្ត្រី​ម្នាក់​ស្រែក​តប​ទៅ​វិញថា “យែ! អ្នកបើកយន្តហោះ! នៅក្នុងនោះ!” ខណៈ​ដែល​មិត្ត​រួម​ការងារ​របស់​នាង​ដើរ​ទ្រេតទ្រោត​ក្បែរ​នាង។

នៅ​ពេល​សួរ​ថា​តើ​អ្នក​បើក​យន្តហោះ​នៅ​រស់​ឬ​អត់ ស្ត្រី​ដែល​ស្ថិតនៅក្នុងស្ថានភាពភិតភ័យ​​បាន​ឆ្លើយ​ថា៖ “ខ្ញុំ​មិន​ដឹង​ថាគាត់ក្លាយជាយ៉ាងណាទៅហើយនោះ​ទេ”។

យន្តហោះបានហោះចេញពីអាកាសយានដ្ឋាននៅសាកលវិទ្យាល័យ Ohio State University ក្នុងទីក្រុង Columbus រដ្ឋ Ohio វេលាម៉ោងប្រហែល ១ រសៀល។

ក្នុង​ខ្សែអាត់​ថត​សំឡេង​សម្រាប់​​ការ​ហោះហើរ អ្នក​បើក​យន្តហោះ Edward Daniel Murphy បាន​ប្រាប់​អ្នក​គ្រប់​គ្រង​ព្រលាន​​ថា យន្តហោះ “មិនអាច​ចុះចតរត់លើ​ផ្លូវ​បាន​ទេ” គឺក្នុងពេល​តែ​មួយ​ភ្លែតនៅ​មុន​ពេលវាបានធ្លាក់ផ្ទុះអណ្តាតភ្លើងឆាបឆេះឡើង។

អាជ្ញាធរបាននិយាយថា យន្តហោះ Bombardier Challenger 600 ដែលមានមនុស្ស ៥ នាក់នៅលើយន្តហោះ កំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋាន Naples ក្បែរនោះ នៅពេលដែលម៉ាស៊ីនទាំងពីររបស់វាបានគាំងមិនដំណើរការដោយឯកឯង។

យន្តហោះបានព្យាយាមចុះចតនៅលើផ្លូវលេខI-75 ក៏ប៉ុន្តែសាក្សីបាននិយាយថា ស្លាបរបស់វាបានខ្ទាស់ជាប់និងរថយន្ត ហើយអូសវានៅមុនពេលដែលវាបានជ្រុលទៅបុកនិងជញ្ជាំងបេតុង បណ្តាលឲ្យផ្ទុះអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង។

លោក Robin King អ្នកនាំពាក្យអាជ្ញាធរអាកាសយានដ្ឋាន Naples បាននិយាយថា វាត្រូវបានគ្រោងនឹងចុះចតនៅ Naples គឺជាពេលដែលយន្តហោះនេះត្រូវបានធ្លាក់។ លោក Robin King អ្នកនាំពាក្យអាជ្ញាធរអាកាសយានដ្ឋាន Naples បាននិយាយថា នៅពេលដែល Murphy បានទាក់ទងទៅប៉មដើម្បីស្នើសុំការចុះចតជាបន្ទាន់។

បើយោងតាមកម្មវិធីតាមដានការហោះហើររបស់យន្តហោះ FlightAware យន្តហោះនេះត្រូវបានដំណើរការដោយ Hop-a-Jet Worldwide Charter ដែលមានមូលដ្ឋាននៅទីក្រុង Fort Lauderdale រដ្ឋ Florida ។ យន្តហោះ​នេះ​ត្រូវ​បាន​គេ​កំណត់​ពេលឲ្យ​ត្រឡប់​ទៅ​ក្រុង Fort Lauderdale នៅ​រសៀល​ថ្ងៃ​សុក្រ។

អ្នកនាំពាក្យរបស់ Ohio State University បាននិយាយថា យន្តហោះនេះមិនមានទំនាក់ទំនងជាមួយ Ohio State University នោះទេ ហើយពួកគេមិនមានព័ត៌មានបន្ថែមអំពីវានោះទេ។

នៅក្បែរនោះគឺជាភូមិគ្រឺះរបស់មហាសេដ្ឋីប្រចាំទីក្រុង Naples មានតម្លៃ ២៩៥ លានដុល្លារ ដែលជាអចលនទ្រព្យដ៏ថ្លៃបំផុតលើសគេសម្រាប់ដាក់លក់នៅសហរដ្ឋអាមេរិក៕

ប្រភព Post Wires