អន្តរជាតិ

មានខ្សែអាត់សំឡេងគួរឲ្យរន្ធត់របស់អ្នកបើកយន្តហោះមុនពេលគាំងម៉ាស៊ីនធ្លាក់មកដីស្លាប់មនុស្ស២នាក់

ប្រែសម្រួល៖ ស-សម្បត្តិ
ខ្សែអាត់សំឡេងបានប្រាប់ពីពេលវេលាចុងក្រោយនៅពេលដែលម៉ាស៊ីនទាំងពីររបស់យន្តហោះខ្នាតតូចគាំងមិនដំណើរការហើយបានធ្លាក់នៅលើផ្លូវហាយវេដ៏មមាញឹកមួយកាលពីថ្ងៃសុក្រនៅជិតភូមិគ្រឺះ Naples ក្នុងរដ្ឋ Florida បានសម្លាប់មនុស្សអស់ពីរនាក់ នៅលើយន្តហោះ ។


អ្នកបើកយន្តហោះ Bombardier Challenger 600 បានបញ្ជូន សំឡេងទៅកាន់ប៉មបញ្ជានៅជិតនោះថាម៉ាស៊ីនទាំងពីររបស់យន្តហោះ “Hop-A-Jet 823 គាំងមិនដំណើរការស្នើសុំការជួយ សង្គ្រោះបន្ទាន់” ។“ខ្ញុំកំពុងសុំធ្វើការចុះចតជាបន្ទាន់ យើង ច្បាស់ជាដល់ដី ប៉ុន្តែយើងមើលមិនឃើញផ្លូវរត់ទេ ម៉ាស៊ីន ទាំងពីររបស់យន្តហោះជាប់គាំងមិនដំណើរការទេ” អ្នកបើក យន្តហោះបាននិយាយនៅមុនពេលយន្តហោះរលត់ម៉ាស៊ីនស្ងាត់សំឡេងឈឹងហើយបានធ្លាក់នៅលើផ្លូវ ហាយវេដ៏មមាញឹកមួយ Interstate 75។


យន្តហោះដែលដឹកមនុស្ស៥នាក់នៅលើនោះបានហោះចេញពី អាកាសយានដ្ឋាន Ohio State ក្នុងទីក្រុង Columbus នៅម៉ោង ១រសៀល។ ភ្នាក់ងារអាកាសយានដ្ឋាន Naples បានប្រាប់ WBBH ថា កាលពីថ្ងៃសុក្រ យន្តហោះ Bombardier Challenger 600ត្រូវបានបន្តដំណើរទៅកាន់អាកាសយានដ្ឋាន Naples នៅមុនពេលដែលវាត្រូវបានរាយការណ៍មកថាមានបញ្ហាម៉ាស៊ីន។
ក្នុងខណៈដែលយន្តហោះធ្លាក់នៅពេលដែលយន្តហោះមិនទាន់បានហោះហើរទៅដល់គោលដៅនោះ អ្នកបើកបយន្តហោះទំនងជា បានព្យាយាមចុះចតនៅលើផ្លូវហាយវេ ក៏ប៉ុន្តែជាអកុសលវាក៏បាន ធ្លាក់នៅវេលាម៉ោងប្រហែល 3:15 រសៀល។


យន្តហោះឯកជន Bombardier Challenger 600 បានបុកជាមួយ នឹងរថយន្តមួយគ្រឿងនៅក្នុងខណៈដែលវាបានព្យាយាមចុះចតលើផ្លូវហាយវេដ៏មមាញឹកមានចម្ងាយប្រហែល ៥ ម៉ាយពីអាកាសយានដ្ឋាន។

យោងតាមការិយាល័យតម្រួតខោនធី Collier បានឲ្យដឹងថា វាបានបង្កឲ្យមានមនុស្សស្លាប់ពីរនាក់។ស្លាបយន្តហោះ បានប៉ះទង្គិចនិងរថយន្តមួយគ្រឿង ហើយអូសទៅមុខ រថយន្តមួយទៀត មុននឹងជ្រុលទៅបុកនឹងជញ្ជាំងបេតុង។

សាក្សី ឈ្មោះនាង Brianna Walker បាននិយាយថា “ស្លាបយន្តហោះបានសង្កត់ពីលើឡានមួយនេះ”។

នាងបានបន្ថែមថា៖ ‘ យន្តហោះបានហោះពីលើក្បាលរបស់ យើងវាបានជ្រុលបត់មកស្ដាំ ហើយបានរអិលកាត់ផ្លូវហាយវេ”។
នាង Walker បានបន្តថា វាជាបទពិសោធមួយដ៏គួរឲ្យភ័យខ្លាច បំផុតវាប្រហែលគ្នានឹងឈុតឆាកសម្តែងនៅក្នុងខ្សែភាពយន្តដ៏គួរឲ្យរន្ធត់និងភ្ញាក់ផ្អើលមួយ។


នាងបានបន្ថែមថា៖ “នាងមានអារម្មណ៍ថាវាជារឿងពិត គឺមិនមែន ជាភាពយន្តនោះទេហើយវាជាគ្រោះមហន្តរាយមួយដែលបង្កឲ្យពួកយើងស្លាប់បាន”។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា យន្តហោះបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលគន្លងផ្លូវហាយវេខាងត្បូងជាមួយនឹងផ្សែងហុយខ្មួលខ្មាញ់ ខណៈដែលអ្នក បើកបរយានយន្តជាច្រើនបានឈប់រថយន្តហើយនាំគ្នាឈរមើលព្រិត្តិការណ៏ធ្លាក់យន្តហោះដ៏គួឲ្យរន្ធត់នេះ។


ក្រុមអ្នកស៊ើបអង្កេតមកពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនថ្នាក់ជាតិត្រូវបានគេរំពឹងថានឹងមកដល់កន្លែងកើតហេតុនៅថ្ងៃសៅរ៍ដើម្បីធ្វើ “របាយការណ៏អំពីឧបទ្ទវហេតុដែលកើតឡើងនិងពិនិត្យសាកសព្វយន្តហោះ។ បន្ទាប់មកសាកសព្វយន្តហោះ នឹងត្រូវបាននាំ យកទៅកាន់កន្លែងសុវត្ថិភាពដើម្បីធ្វើការស៊ើបអង្កេតនិង វាយតម្លៃបន្ថែមទៀត” នេះបើយោងតាម Local10 ។

យន្តហោះនេះផលិតនៅក្នុងឆ្នាំ ២០០៤ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន East Shore Aviation LLC ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Fort Lauderdale នេះបើយោងតាមកំណត់ត្រារបស់ FAA ៕
ប្រភព Post wires