សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ១០នាក់ ករណីលួច,ទទួលផលចោរកម្ម និងរក្សាទុក ចែកចាយសារធាតកុញៀន

ដោយ : បន្ទាយ
បន្ទាយមានជ័យ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់សរុបចំនួន១០នាក់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងរក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្ត កាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុង បានឱ្យដឹងថ្ងៃទី១០ខែកុម្ភ:ថា :  ជនសង្ស័យទាំង១០នាក់មាន : ១-ឈ្មោះ អឿន បូ ភេទប្រុស អាយុ១៨ឆ្នាំ,២-ឈ្មោះ គឿម ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ,៣-ឈ្មោះ ម៉ៅ ត្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ, ៤-ឈ្មោះ សុខ ដេវីត  ភេទប្រុស អាយុ១៧ឆ្នាំ , ៥-ឈ្មោះ ពៅ ដូច ភេទប្រុស អាយុ១៧ឆ្នាំ, ៦-ឈ្មោះ ឡុន ឡែន ភេទស្រី អាយុ៤៣ឆ្នាំ, ៧-ឈ្មោះ ខា ឡុងភេទប្រុស អាយុ១៨ឆ្នាំ, ៨-ឈ្មោះ ប៊ុណ្ណា ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ, ៩-ឈ្មោះ សន សា ភេទប្រុស អាយុ៣២ឆ្នាំ , ១០-ឈ្មោះ ធៀ សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ។ ជនសង្ស័យទាំង១០ នាក់ បច្ចុប្បន្នស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។

ចំណេកវត្ថុតាងចាប់យកមាន ១ -ម៉ូតូម៉ាកហុង ដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខពោធិសាត់ 1M-6426 ចំនួន ០១គ្រឿង, ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៣-ម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៤-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៥-ម៉ូតូម៉ាក វ៉េវ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៦-ម៉ូតូម៉ាកហុងដា CBR ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៧-ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៨-ផ្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងសម្ភារៈសម្រាប់ដោះបំបែកគ្រឿងម៉ូតូ មួយចំនួនទៀត(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត)។៩-ម៉ូតូម៉ាកហុងដា Zomer X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1Z 8849 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), ១០-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌ផ្កាឈូក ចំនួន១៩៩គ្រាប់, ១១-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌បៃតង ចំនួន០៤គ្រាប់, ១២-គ្រឿងញៀនប្រភេទខេទឹកកក ចំនួន១៥កូនថង់, ១៣-កំប៉ុងពណ៌ខ្មៅ សម្រាប់ដាក់គ្រឿងញៀនចំនួន០១កំប៉ុង។

លោកបន្តថា :ការឈានដល់បង្ក្រាបនេះ យោងតាមពាក្យបណ្តឹង របស់ឈ្មោះ បួន ស្រីម៉ុច ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួច។

ក្រោយទទួលបណ្ដឹង នៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការបានដឹកនាំបង្ក្រាប ។

ជនរងគ្រោះបាត់ម៉ូតូម៉ាកហុងដា Zomer X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាក លេខ សៀមរាប-1Z 8849 ដែលទុកមុខបន្ទប់នៅម្តុំវត្តត្រាច កាលថ្ងៃទី០២ ខែកុម្ភៈ ។
ការឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញក្រុមចោរមានគ្នា ចំនួន០២នាក់បានធ្វើសកម្មភាព លួចម៉ូតូរបស់ ជនរងគ្រោះខាងលើ។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបន្តទៀតថា: នៅវេលា ម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ឡុន ឡែន ភេទស្រី ជាអ្នកទិញម៉ូតូ របស់ដើមបណ្ដឹងលើខាងលើ ។

បន្ទាប់ពីសួរនាំរួច  ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជា បានទិញម៉ូតូពីក្រុមចោរ ដែលធ្វើសកម្មភាពលួចពិតប្រាកដមែន។

បន្ទាប់ពីទទួលបានចម្លេីយសារភាពកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តស្រាវជ្រាវឈានដល់ការ ឃាត់ខ្លួន ជនសង្ស័យចំនួន៩នាក់បន្ថែមទៀតនៅចំណុច បន្ទប់ជួលមួយកន្លែង ហើយនាំមកកាន់មូលដ្ឋានកងរាជ អាវុធហត្ថក្រុង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា :ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ ៕