ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយសារគ្រាប់មីននៅព្រំដែននាស្រុកអូរជ្រៅទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

ដោយ ÷ បន្ទាយ
បន្ទាយមានជ័យ៖សាខាកាកបាទក្រហមកម្ពុជា(កក្រក)ខេត្ត បន្ទាយមានជ័យនៅរសៀលថ្ងៃសុក្រទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៤   ដែលមានលោកអ៊ុ រាត្រី ជាប្រធានគណៈកម្មាធិការសាខា បានចាត់តាំងអោយ លោកស្រីសុខ  លាភា នាយិការងសាខា     បានដឹកនាំក្រុមការងារដែលមានក្រុមប្រតិបត្តិសាខានិងមានការចូលរួមពី លោក  កែវ  តារារស្មី ប្រធានគណៈកម្មាធិការអនុសាខា កក្រកស្រុកអូរជ្រៅបាននាំយកអំណោយទៅសួរសុខទុក្ខជនរងគ្រោះ ដោយគ្រាប់មីនដែលបាននឹងកំពុងសង្គ្រោះនិងព្យាបាល​នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន-មង្គលបូរី ។

សូមរំលឹកថា កាលពីនៅម៉ោង ៩និ៣០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤  ជនរងគ្រោះមានឈ្មោះវ៉ាន់  កំសត់ ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ បានដើររកបេះបន្លែព្រៃនៅក្នុងចំការមីនចំណុចមាត់អូរ​ជាប់ព្រំដែនកម្ពុជា -ថៃ ទល់មុខភូមិសិលាថៃឃុំប៉ារ៉ៃស្រុកអារញ្ញ​ប្រាថេត​ស្រះកែវប្រទេសថៃ ។ទៅក្នុងព្រៃចំការមីន ក្នុងចំណុច​ទំនប់ក៥ តំបន់ព្រំដែនស្ថិតក្នុងភូមិសិលាខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បានជាន់មីនប្រឆាំងមនុស្ស​បណ្តាលរបួសធ្ងន់ដាច់ជើងទាំងពីរ ។

កម្លាំងប៉ុស្តិ៍ព្រំដែនសិលាខ្មែរ និងយោធាកងការពារព្រំដែនលេខ​៥០៣ បានជួយសង្គ្រោះបន្ទាន់  ដឹកជនរងគ្រោះទៅមណ្ឌល​សុខភាពសិលាខ្មែររួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។

លោកស្រីសុខ  លាភានាយិការងអោយដឹងថា :ក្នុងនាមក្រុម​ការងារ​សាខាកក្រកសូមចូលរួមសោកស្តាយដល់​ជនរង​គ្រោះដែលបានបាត់បង់ជើងនៅពេលប្រទេសមានសន្តិភាព ។
ពោលគឺម្តាយឪពុកខំបង្កើតមកមានរូបរាងកាយពេញលក្ខណៈគ្រប់គ្រាន់ហើយមិនគួរមកបាត់បង់នៅពេលនេះសោះ។

អំណោយដែលនាំមកពេលនេះរួមមាន÷  មី១កេស, ទឹកដោះគោឆៅ​២ឡូតិ៍ ,ត្រីខ១យួរ,ទឹកសុទ្ធវីតាល់ដបធំ១កេស ថវិកាសាខាកក្រកចំនួន៤០ម៉ឺនរៀលនិងថវិកាអនុសាខាស្រុក​អូរជ្រៅចំនួន២០ម៉ឺនរៀល៕