ដោយ៖កំចាយ
កំពត÷ម្ចាស់មណ្ឌលកម្សាន្តមួយក្នុងចំណោមទីទទួលភ្ញៀវរាប់សិបកន្លែងនៃបណ្តុំតំបន់ទេសចរណ៍ទឹកឈូស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាងបានកែច្នៃចម្ការទុរេនរបស់ខ្លួនឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ទេសចរជិតឆ្ងាយ។
អ្នកស្រី លឹម ម៉េងហ៊័ង ម្ចាស់កន្លែងកម្សាន្ត និងអាហារដ្ឋានហ៊ង ឃាងដងព្រែកមានទីតាំងជាប់ព្រែកកំចាយដែលទទួលទឹកហូរធ្លាក់មកពីដងជ្រោះទឹកឈូ បានរៀបរាប់ថា៖ មកដល់ពេលនេះ ទុរេនរបស់អ្នកស្រីដែលបាន និងធ្លាប់ផ្លែមានប្រមាណជាង៣០០ដើម ខណ:ដែលដើមទើបនឹងរៀនផ្កាជាច្រើនទៀត។ ក្រៅពីទុរេន ក៏នៅមានដំណាំហូបផ្លែបន្ទាប់សន្សំមួយចំនួន ដូចជា សាវម៉ាវ មង្ឃុត ត្របែកជាដើម។ ម្ចាស់ចម្ការដដែលបានបន្តថា កន្លងទៅ ដោយមើលឃើញពីសក្តានុពលផ្នែកទេសចរណ៍ក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាងនេះ អ្នកស្រីបានបង្កើតជាខ្ចូសលក់ម្ហូបអាហារ ផ្លែឈើដែលដាំដុះដោយខ្លួនឯង។ ក្រោយមកក៏បានកែច្នៃដោយពង្រីក និងបង្កើនសេវាកម្មផ្សេងៗនៅក្នុងចម្ការកាន់តែជាច្រើនទៀត។
អ្នកស្រី លឹម ម៉េងហ៊័ង បានបញ្ជាក់ថា ការច្នៃប្រឌិដ្ឋបង្កើតជាកន្លែងផ្តល់សេវាទេសចរណ៍នៅក្នុងចម្ការទុរេនបានធ្វើឲ្យអ្នកស្រីអាចរកប្រាក់ចំណូលបន្ថែមផង និងងាយស្រួលលក់ផលិតផលនៅនឹងកន្លែងផង។ ការស្នាក់នៅ ម្ហូបអាហារ ឬផ្លែឈើគ្រប់ប្រភេទគឺធានាគុណភាព និងមិនដំឡើងថ្លៃនោះទេទោះក្នុងឱកាសបុណ្យទានក្តីផ្សេងៗ។ ម្ហូបដែលភ្ញៀវនិយមចូលចិត្តសម្រាប់អាហារដ្ឋាន ហ៊ង ឃាង គឺមាន់ដុតបាយដំណើបដែលភ្ញៀវភាគច្រើនតែងតែកុម្ម៉ង់ពិសា។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា មន្ទីរជំនាញបានជំរុញ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនៅតំបន់ទឹកឈូឲ្យរៀបចំសេវាទេសចរណ៍ផ្សេងៗបន្ថែមលើការធ្វើចម្ការដើម្បីទាញយកប្រយោជន៍ពីវិស័យទេសចរណ៍។ ក្រុមការងាររបស់មន្ទីរតែងបានចុះណែនាំ និងបើកវគ្គបណ្តុះបណ្តាលខ្លីៗបំណងលើកកម្ពស់គុណភាពសេវាកម្ម ពិសេសក្រើនរម្លឹកអំពីការថែរក្សាអនាម័យបរិស្ថានឲ្យកាន់តែល្អប្រសើរ។
លោកប្រធានមន្ទីរបានបន្តថា ការច្នៃប្រឌិដ្ឋបង្កើតកន្លែងកម្សាន្តងនេះបានលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពតឲ្យកាន់តែទាក់ទាញ និងសម្បូរបែបថែមទៀត៕