អន្តរជាតិ

រុស្ស៊ីវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសម្លាប់មនុស្ស៧នាក់ក្នុងនោះមានកុមារ៣នាក់នៅក្រុងខាគីវរបស់អ៊ុយក្រែន

ប្រែសម្រួល៖ស-សម្បត្តិ
មន្ត្រីក្នុងតំបន់បាននិយាយថា កាលពីថ្ងៃសៅរ៍រុស្ស៊ីបានបើក ការវាយ ប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុង Kharkov របស់អ៊ុយក្រែនបានសម្លាប់មនុស្សចំនួនប្រាំពីរនាក់ រួមទាំងកុមារតូចៗចំនួន ៣ នាក់ផងដែរបង្កឲ្យមានអគ្គិភ័យ ឆាបឆេះបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងពលរដ្ឋ អ៊ុយក្រែនជាច្រើន។


អភិបាលតំបន់ Kharkiv លោក Oleh Synehubov បាននិយាយថា កងយោធារុស្ស៊ីបានវាយលុកលើទីក្រុង Kharkov កាលពីល្ងាច ថ្ងៃសុក្រ ដោយបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះបំផ្លិចបំផ្លាញលំនៅដ្ឋានយ៉ាងតិច ១៥ខ្នង នៅភាគខាងកើតនៃទីក្រុង Kharkiv ។

គាត់បានបង្ហោះសារលើ Telegram ថា “លទ្ធផលនៃការវាយ ប្រហារមួយនេះបានបណ្តាលឲ្យមនុស្ស ៧ នាក់ស្លាប់ដែល នៅក្នុងចំណោមពួកគេមាន ៣ នាក់ស្ថិតក្នុងអាយុប្រាំពីរឆ្នាំនិង បួន ឆ្នាំ និងទារកអាយុប្រហែល ៦ ខែផងដែរ” ។


លោកបានបន្ថែមថាមានមនុស្សបីនាក់បានរងរបួសនៅក្នុងហេតុការណ៏នោះផងដែរ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងការពារដែនអាកាស និងក្រុមចល័តតាមប្រមាញ់យន្តហោះគ្មានមនុស្សបើកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២៣ គ្រឿងក្នុងចំណោម ៣១ គ្រឿងដែលប្រើប្រាស់ដោយយោធារុស្ស៊ី ដែលបានផ្តោតគោល ដៅលើតំបន់ Kharkiv នៃភាគឦសានប្រទេស និងតំបន់ Odesa នៅភាគខាងត្បូងផងដែរ។

នៅក្នុងទីក្រុង Kharkiv ប្រធានការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ លោក Oleksandr Filchakov បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើ Telegram ថាយន្តហោះគ្មានមនុស្សបើក ចំនួន បី គ្រឿងបានវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈនៅសង្កាត់ Nemyshlianskyi ក្នុងទីក្រុងក្រុង Kharkiv ។

លោក Filchakov បាននិយាយថា “ដោយសារតែមានឥន្ធនៈ ស្តុកទុកយ៉ាងច្រើននៅទីនោះជាហេតុបង្កឲ្យមានការភ័យខ្លាចភ្លើងឆេះ” ។

ក្រុមមន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គិភ័យ និងអ្នកជួយសង្គ្រោះ បានធ្វើការពេញមួយយប់ ដើម្បីពន្លត់អគ្គិភ័យនិងបោស សំអាតកំទេចផេះ។

លោក Synehubov ក៏បាននិយាយផងដែរថា យន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ី បានហោះបំបុកភោជនីយដ្ឋានមួយកន្លែងនៅក្នុង ទីក្រុងតូចមួយនៃទីក្រុង Velykyi Berluk ដែលមាន ចម្ងាយ ប្រហែល ៦២ ម៉ាយពីទីក្រុង Kharkiv ។តែគាត់បាន អះអាងថា មិនមានអ្នកស្លាប់ត្រូវបានគេរាយការណ៏នោះទេ។

រ៉យទ័រមិនអាចរកប្រភពឯករាជ្យដើម្បីបញ្ជាក់ពីព័ត៌មានលម្អិតស្តីអំពីការវាយប្រហារនេះបានទេ។

រុស្ស៊ីមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការធ្វើអត្ថាធិប្បាយ ទេ ក៏ប៉ុន្តែបានអះអាងថាយោធារបស់ខ្លួនមិនមានចេតនា កំណត់គោលដៅលើទីតាំងជនស៊ីវិលនោះទេ។


ទីក្រុងKharkiv ស្ថិតនៅក្រោមការវាយប្រហារជាប្រចាំ ចាប់តាំង ពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីក្នុងទឹកដីអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយជាញឹកញាប់បានក្លាយទៅជា គោលដៅ នៃការវាយប្រហាររបស់យោធារុស្ស៊ីនៅក្នុងប៉ុន្មាន សប្តាហ៍ ថ្មីៗនេះ។

នៅឯកំពង់ផែសមុទ្រខ្មៅនៃ Odesa អភិបាលតំបន់បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានធ្វើឲ្យមនុស្សម្នាក់រងរបួសផងដែរ៕