សន្ដិសុខសង្គម

រថយន្តដឹកអ្នកដំណើរបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់

ដោយ:សុខុម
ក្រចេះ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកអ្នកដំណើរបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកាលពីរសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៦២-៣៦៣ត្រង់ចំណុចមុខវត្ដស្រែត្រែង ភូមិស្រែត្រែង ឃុំក្បាលដំរី  ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។


ក្រោយហេតុការណ៍បានកើតឡើងសមត្ថកិច្ចចុះទៅពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថាអ្នកបើកបរម៉ូតូម៉ាក វេវអាល់ហ្វា​​ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ឈ្មោះចន ហាត់ អាយុ ៤២ឆ្នាំ បានស្លាប់ នៅពេលធ្វើដំណើរពីជើងទៅត្បូងហើយបានរេចង្កូតទៅទិសខាងកើត។នៅពេលនោះក៏ស្រាប់តែមានរថយន្តម៉ាក ហៃយ៉ាស ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AH-9277 ពីត្បូងទៅជើងគេចទៅខាងឆ្វេងតែមិនផុតក៏ជ្រុលបុកម៉ូតូតែម្ដង។


អ្នកឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចថា នៅពេលរថយន្តបុកម៉ូតូភ្លាមបានបន្តដំណើរទៅមុខដើម្បីគេចចេញពីកន្លែងកើតហេតុទៅដល់ចំណុចភូមិអូរពោរបត់ចូលព្រៃទម្លាក់ភ្ញៀវចុះហើយអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តមួយគ្រឿងនិងអ្នកជិះជាច្រើននាក់ក្នុងរថយន្តនោះ។ក្រោយពេលកើតហេតុសាច់ញាតិបានមកទទួលសពយកទៅផ្ទះដើម្បីរៀបចំពិធីបុណ្យ។


សមត្ថកិច្ចបានចាត់ទុកថាគ្រោះថ្នាក់រវាងរថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមានមនុស្សស្លាប់មកពីអ្នកបើកបរម៉ូតូមិនគោរពសិទ្ធិអាទិភាពលើដងផ្លូវ។


ដោយឡែករយថន្ដ និង ម៉ូតូខូចធ្ងន់ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកអូរគ្រៀងសែនជ័យដើម្បីអនុវត្តនីតិវិធីបន្ត៕