អន្តរជាតិ

ប្រទេសអ៊ីស្លង់កំពុងខិតខំជួសជុលប្រព័ន្ធទឹកក្តៅក្រោយការបំផ្លាញដោយភ្នំភ្លើង

ប្រែសម្រួល៖ស-សម្បត្តិ
REYKJAVIK៖ ប្រជាជនអ៊ីស្លង់កំពុងខិតខំធ្វើការជួសជុលប្រព័ន្ធ ទឹកក្តៅនៅថ្ងៃសុក្រ ៩កុម្ភៈ នេះដើម្បីអាចទទួលបានការផ្គត់ផ្គង់ ទឹកក្តៅនៅតាមផ្ទះរាប់ពាន់ខ្នងនៅក្នុងរយ:ពេលមួយថ្ងៃបន្ទាប់ពីមានការផ្ទុះភ្នំភ្លើងលើកទីបីកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងរយៈពេលពីរខែក្រោយមក ខណៈដែលអ្នកជំនាញបាននិយាយថា ការរញ្ជួយដីបានធូរស្រាលវិញហើយ។


ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ប្រើប្រាស់ទឹកក្តៅ HS Orka បាននិយាយថា ការជួសជុលនៅលើបណ្តាញ ឧបករណ៍ ទឹកក្តៅបានដំណើរការពេញមួយយប់ក្នុងសីតុណ្ហភាពទាបរហូតដល់ដក ១៤ អង្សាសេ។

លំហូរកម្អែលភ្នំភ្លើងដែលបានបំផ្លាញប្រព័ន្ធបំពង់កំដៅកាលពីថ្ងៃមុនបានធ្វើឲ្យក្រុមសេវាកម្មជួសជុលមានការលំបាក។

អ្នកជំនាញនៅការិយាល័យឧតុនិយមអ៊ីស្លង់ (IMO) បាននិយាយកាលពីថ្ងៃសុក្រថា សកម្មភាពភ្នំភ្លើងមានការថយចុះ គួរឲ្យកត់សម្គាល់បន្ទាប់ពីមានការផ្ទុះកាលពីថ្ងៃមុន។
ពួកគេបាននិយាយថា កម្អែភ្នំភ្លើងប្រមាណ ១៥លានម៉ែត្រគូប បានហូរចេញក្នុងរយៈពេល ៧ម៉ោងដំបូងក្រោយពីការផ្ទុះ ភ្នំភ្លើងនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍។

នៅក្នុងសេចក្តីថ្លែងការណ៍IMO បាននិយាយថា “ក្នុងរយ:ពេលជាច្រើនម៉ោងកន្លងមកនេះមិនមានកម្អែភ្នំភ្លើងត្រូវបានគេសង្កេតឃើញនៅលើបណ្តាញកាមេរ៉ាចាប់រូបភាពនោះទៀតទេក៏ប៉ុន្តែសកម្មភាពនៅក្នុងរណ្តៅភ្នំភ្លើងអាចនៅតែបន្ត” ។


នៅក្នុងខណៈពេលដែលមានការថយចុះដ៏គួរឲ្យកត់សម្គាល់ “គេថាវាលឿនពេកនៅក្នុងការប្រកាសពីសុខសុវត្ថិភាពប្រសិនបើសកម្មភាពភ្នំភ្លើងវាឈានដល់ទីបញ្ចប់មែននោះ” ។

• ការកាត់បន្ថយការផ្គត់ផ្គង់ទឹកក្តៅ
កម្អែភ្នំភ្លើងបានជះចេញពីការប្រេះនៃភ្នំភ្លើងថ្មីមួយនៅលើឧបទ្វីប Reykjanes នៃប្រទេសអ៊ីស្លង់ ភាគនិរតីរកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
វាបានកាត់បន្ថយការផ្គត់ផ្គង់ទឹកក្តៅ ដែលត្រូវបានប្រើសម្រាប់ កំដៅផ្ទះផងដែរនៅភាគខាងត្បូងនៃឧបទ្វីប ដែលត្រូវបានគេស្គាល់ ថា Sudurnes ដែលមានពលរដ្ឋរស់នៅប្រហែល ២៨,០០០នាក់ ។

រូបភាពដ៏គួរឲ្យចាប់អារម្មណ៍បានបង្ហាញពីកម្អែភ្នំភ្លើងដែលហូរលើផ្លូវទៅដល់ Blue Lagoon ដែលជាកន្លែងដ៏ល្បីល្បាញរបស់ ប្រទេសអ៊ីស្លង់ ដែលត្រូវបានគេជម្លៀសពលរដ្ឋចេញ ហើយលំហូរ កម្អែភ្នំភ្លើងក៏បានហូរកាត់បំពង់ទឹកកំដៅដ៏សំខាន់ៗមួយចំនួនផងដែរ។


កាលពីថ្ងៃសុក្រលោកស្រី Hjordis Gudmundsdottir អ្នកនាំពាក្យ នាយកដ្ឋានការពារជនស៊ីវិល និងការ គ្រប់គ្រងគ្រោះអាសន្ន របស់ប្រទេសអ៊ីស្លង់បានប្រាប់ AFP ថា “ផែនការនេះគឺដើម្បីដោះ ស្រាយបញ្ហាខ្វះខាតទឹកក្តៅដោយសង្ឃឹមថានៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះនឹងអាចដំណើរការបានវិញ” ។

“យើងនឹងចំណាយពេលចាប់ពីពីរទៅបីម៉ោងដើម្បីឲ្យមានទឹកក្តៅប្រើប្រាស់វិញ”។
លោកស្រីបានបន្ថែមថា កាលពីថ្ងៃសុក្រនៅក្នុងពេលជាមួយគ្នានេះ ដែរ សាលារៀន អាងហែលទឹកសាធារណៈ និងកន្លែងកីឡានៅក្នុង តំបន់ត្រូវបានបិទ ។

អគ្គិសនីនៅតែដំណើរការ ប៉ុន្តែអាជ្ញាធរកំពុងជំរុញឲ្យប្រជាពលរដ្ឋ ក្នុងតំបន់ប្រើប្រាស់ឲ្យមានកម្រិតត្រឹមត្រូវ។


នេះជាការផ្ទុះភ្នំភ្លើងជាលើកទីបីបើគិតចាប់តាំងពីខែធ្នូ មកនៅក្នុងតំបន់ដូចគ្នានឹងការផ្ទុះលើកមុនចំនួនពីរនៅថ្ងៃទី ១៨ ខែធ្នូ និងលើកទីពីរនៅថ្ងៃទី ១៤ ខែមករា នៅជិតភូមិអ្នកនេសាទ Grindavik។

អ្នកស្រុកចំនួន ៤,០០០ នាក់នៃ Grindavik ត្រូវជម្លៀសចេញនៅ ថ្ងៃទី ១១ ខែវិច្ឆិកាបន្ទាប់ពីការរញ្ជួយដីរាប់រយហិកតាត្រូវបាន បំផ្លាញអគាររាប់រយខ្នងនិងកម្អែភ្នំភ្លើងបានហូរលើដងផ្លូវ។
ការផ្ទុះភ្នំភ្លើងនេះមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគនិរតីនៃ រដ្ឋធានី Reykjavik ៕
ប្រភព៖ AFP/fs