សន្ដិសុខសង្គម

ជីវភាពក្រីក្រប្រថុយដើរបេះបន្លែ ស្លឹកព្រេចនៅតំបន់ព្រំដែនត្រូវជាន់មីនដាច់ជើងទាំងពីរនៅស្រុកអូរជ្រៅ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :មានជីវភាពក្រីក្រ ប្រថុយនិងធ្វេសប្រហែស បានដើរបេះបន្លែព្រៃស្លឹកព្រេចនៅតំបន់ព្រំដែនត្រូវជាន់មីនដាច់ ជើងទាំងពីរ។


ឧបទ្ទហេតុជាន់ផ្ទុះមីនប្រឆាំងនេះ កើតឡើងនៅវេលាម៉ោង៩និង ៣០នាទី ព្រឹកថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២៤ ក្នុងព្រៃចម្ការមីននៃតំបន់​ព្រំដែនមិនទាន់ច្បាស់លាស់មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលាខ្មែរ​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅនិងនគរបាលវរសេនាតូចការពារព្រំដែន​លេខ៩១១ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបន្តថា ៖ មុនពេលកើតហេតុ​​​ ជនរងគ្រោះ បានដើរ រកបេះបន្លែស្លឹកព្រេចដើម្បីលក់ដូចសព្វមួយដង។
តែលើកនេះ បានដើរជ្រុលចូលជ្រៅទៅក្នុងព្រៃចម្ការមីន ក្នុងចំណុចទំនប់ក៥ តំបន់ព្រំដែន ស្ថិតក្នុងភូមិសិលា ខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បានជាន់ជាន់​មីនប្រឆាំងមនុស្សបណ្តាលរបួសជើងធ្ងន់ជើងទាំងពីរ ក្នុងនោះ​ដាច់ជើងខាងស្តាំ។

កម្លាំងប៉ុស្តិ៍ព្រំដែនសិលាខ្មែរ និងយោធាកងការពារព្រំដែនលេខ​៥០៣ បានជួយសង្គ្រោះបន្ទាន់  ដឹកជនរងគ្រោះទៅមណ្ឌល​សុខភាព​សិលាខ្មែរ​រួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាព​កម្ពុជា-ជប៉ុន មង្គលបូរី ៕