សន្ដិសុខសង្គម

មេធាវីវ័យក្មេងម្នាក់ទំនងជាដោយភ្លើងប្រចណ្ឌបានបាញ់សម្លាប់សង្សារហើយសម្លាប់ខ្លួនឯង

ដោយ:សុខុម
ភ្នំពេញ៖មេធាវីជំនាន់ក្រោយម្នាក់បានប្រើអាវុធខ្លីបាញ់សម្លាប់ទៅលើនារីជាសង្សារដ៏ស្រស់ស្អាតរបស់ខ្លួនហើយក៏បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនឯងតាមក្រោយ។


បើតាមរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ដំបូងឡើយគេឃើញនារីម្នាក់បើកទ្វារចុះពីរថយន្តមួយគ្រឿងដែលចតនៅលើចិញ្ចើមថ្នល់។ រំពេចនោះបុរសវ័យក្មេងម្នាក់បានទាញកាំភ្លើងបាញ់សំដៅទៅរកនាងដែលកំពុងឈរក្បែរគ្នាបណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែង។ក្រោយមកបន្តិចបុរសនោះក៏បាញ់ទម្លុះក្បាលខ្លួនឯងដើម្បីបញ្ចប់ជីវិតទៅតាមក្រោយ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ជាង៨យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


ក្រោយពីមានហេតុការណ៍កើតឡើងបែបនេះ គេឃើញមានសមត្ថកិច្ចក៏បានចុះទៅពិនិត្យកន្លែងកើតហេតុ។ ភ្លាមនោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញផ្សព្វផ្សាយថា ករណីបាញ់សម្លាប់នៅខណ្ឌសែនសុខនោះ បុរសជាមេធាវី រីឯនារីរងគ្រោះជាសង្សារ និងជាអ្នករកស៊ីលក់ទំនិញផ្សេងៗតាមអនឡាញ។


លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បុរសរូបនេះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបរលក់សម្ភារតាមអនឡាញ។


លោកស្នងការបាននិយាយបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗ ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 ។សមត្ថកិច្ចបានរកឃើញសម្បកគ្រាប់ចំនួន៥នៅក្បែរកន្លែងកើតហេតុ។


ស្រ្តីម្នាក់ដែលបានអះអាងថាជាម្តាយជនរងគ្រោះ បាននិយាយក្រោយកើតហេតុថា ករណីនេះអាចផ្ដើមចេញពីការប្រចណ្ឌ។ អ្នកទាំងពីរមានទំនាក់ទំនងគ្នាអស់រយៈពេល១ឆ្នាំហើយ។ជាមួយនោះកូនស្រីរបស់គាត់សុំបែកទំនាក់ទំនងគ្នា តែបុរសជាមេធាវីមិនព្រមទើបកើតឡើងបែបនេះ៕