អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ព្រមានថានឹងបញ្ចប់កូរ៉េខាងត្បូងប្រសិនបើពួកគេប្រើកម្លាំង

ប្រែសម្រួល៖ ស-សម្បត្តិ

សេអ៊ូល៖ ក្នុងខណៈដែលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះបានឈានដល់កម្រិតមួយទាបបំផុតគួឲ្យព្រួយបារម្ភ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសុក្រ ទី៩ ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានធ្វើការព្រមានថា ទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរក្នុងការបញ្ចប់កូរ៉េខាងត្បូង ប្រសិនបើកូរ៉េខាងជើងរងការវាយប្រហារណាមួយនោះ ។

ប្រទេសកូរ៉េខាងជើងដែលបំពាក់ទៅដោយអាវុធនុយក្លេអ៊ែរនៅក្នុងឆ្នាំនេះបានចាត់ទុកកូរ៉េខាងត្បូងថាជា “សត្រូវចម្បង”។ ទីភ្នាក់ងារបង្រួបបង្រួមជាតិបានឲ្យដឹងថានឹងមានសង្រ្គាមផ្ទុះឡើងប្រសិនបើមានការរំលោភលើទឹកដីកូរ៉រខាងជើងសូម្បីតែ 0.001 មិល្លីម៉ែត្រ ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េប្រចាំទីក្រុងព្យុងយ៉ាង (KCNA) លោក គឹម បានព្រមានថា “ប្រសិនបើសត្រូវហ៊ានប្រើកម្លាំងប្រឆាំងនឹងប្រទេសយើង យើងនឹងធ្វើការសម្រេចចិត្តដ៏ក្លាហានដើម្បីផ្លាស់ប្តូរប្រវត្តិសាស្ត្រ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការប្រមូលផ្តុំប្រទេសមហាអំណាចទាំងអស់ដើម្បីបញ្ចប់ពួកគេ” ។

លោក​បាន​បន្ថែម​ថា​៖ “ ​សន្តិភាព​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​សុំ​ឬ​ដោះដូរ​តាម​រយៈ​ការ​ចរចា​នោះ​ទេ”។

KCNA បាននិយាយថា លោក គីម បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលប្រារព្ធខួបបង្កើតកងទ័ពរបស់កូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីខែមុនថា សេចក្តីថ្លែងការណ៍របស់គាត់បានបន្លឺឡើងនូវការកត់សម្គាល់មុននេះ ដែលលោក គឹម បាននិយាយថា យោធារបស់គាត់គួរតែ “បំផ្លាញ” សត្រូវប្រសិនបើមានការបង្កហេតុ ដោយនិយាយសំដៅទៅលើកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក។

រូបភាពដែលចេញផ្សាយដោយ KCNA កាលពីថ្ងៃសុក្របានបង្ហាញថាលោក គឹម កាន់ដៃជាមួយកូនស្រីតូចរបស់គាត់ Ju Ae ដែលអ្នកវិភាគខ្លះនិយាយថាកំពុងត្រូវបានគ្រោងទុកជាមេដឹកនាំបន្ទាប់សម្រាប់ប្រទេសឯកោមួយនេះ។

រូបភាពទាំងនោះក៏បានបង្ហាញពីអ្នកទាំងពីរទទួលបានការអបអរសាទរយ៉ាងក្លៀវក្លាពីទាហានឯកសណ្ឋាន ក៏ដូចជាថតរូបជាមួយមេបញ្ជាការកងទ័ពផងដែរ។

លោក គឹម បាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗនេះ របស់ទីក្រុងព្យុងយ៉ាង ក្នុងការកំណត់ទីក្រុងសេអ៊ូល ជាសត្រូវចម្បងរបស់ខ្លួន គឺជាវិធានការដ៏ត្រឹមត្រូវមួយ។

លោកបាននិយាយថា “ការសម្រេចចិត្តកំណត់ឲ្យអាយ៉ងកូរ៉េខាងត្បូងជាប្រទេសអរិភាពលេខមួយ និងជាសត្រូវដែលមិនផ្លាស់ប្តូរ”។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយកាលពីសប្តាហ៍មុនថា ឥរិយាបទរបស់រដ្ឋាភិបាលកូរ៉េខាងជើងគឺ “មិនសមហេតុផល” ដែលជាការញុះញង់បង្កហេតុជាច្រើនដង រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត និងការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើក នៅមុនការបោះឆ្នោតរបស់កូរ៉េខាងត្បូងនៅក្នុងខែមេសា។

កាលពីខែមករា រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងជើងនឹងប្រឈមមុខនឹងការបញ្ចប់របបរបស់ខ្លួន ប្រសិនបើប្រទេសនេះហ៊ានបង្កសង្គ្រាម។

សភារបស់ប្រទេសកូរ៉េខាងជើងបានបោះឆ្នោតកាលពីថ្ងៃពុធដើម្បីលុបចោលច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង នេះបើយោងតាម ​​KCNA ។

លោក Kim ក៏បានបង្កើនការសាកល្បងអាវុធ រួមទាំងការបាញ់បង្ហោះកាំជ្រួច Cruise នៅឆ្នាំនេះ ដែលអ្នកវិភាគបាននិយាយថា កូរ៉េខាងជើងអាចនឹងផ្គត់ផ្គង់ដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន៕

ប្រភព៖ AFP/at