អន្តរជាតិ

ឧទ្ធម្ភាគចក្រដែលបាត់ជាមួយទាហានម៉ារីន៥នាក់បានរកឃើញតែការស្វែងរកនាវិកនៅបន្ត

ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុមអន្តរាគមន៏បានរកឃើញឧទ្ធម្ភាគចក្រយោធាដែលបានបាត់ក្នុងជើងហោះហើរចេញពីរដ្ឋ Nevada ទៅកាន់រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ ប៉ុន្តែកងទាហានម៉ារីនអាមេរិកចំនួនប្រាំនាក់នៅលើយន្តហោះនៅតែបាត់ខ្លួននៅឡើយ។
ឧទ្ធម្ភាគចក្រ CH-53E Super Stallion មានទីតាំងនៅ Pine Valley រដ្ឋកាលីហ្វ័រញ៉ា នៅម៉ោងប្រហែល ៩ ព្រឹកម៉ោងក្នុងស្រុកដោយមានបុគ្គលិកកងទ័ពជើងគោកនិងជើងអាកាសនៅលើយន្តហោះនោះ នេះបើយោងតាមមន្ត្រីយោធាម៉ារីន។


ក្រុមអន្តរាគមន៏ដំបូងបានចាប់ផ្តើមស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់ភ្លាមៗនៅម៉ោងប្រហែល ៣ ទៀបភ្លឺត្រូវនwងថ្ងៃពុធនៅលើជើងហោះហើរពីរដ្ឋ Nevada ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា។

ឧទ្ធម្ភាគចក្រនេះបានចាកចេញពីមូលដ្ឋានទ័ពអាកាស Creech ក្នុងរដ្ឋ Nevada ឆ្ពោះទៅកាន់ស្ថានីយអាកាស Marine Corps Miramar ក្បែរទីក្រុង San Diego កាលពីយប់ថ្ងៃអង្គារ។

កងម៉ារីនបាននិយាយថា ពួកគេកំពុងទាក់ទងជាមួយការិយាល័យតម្រួតខោនធី San Diego ហើយកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្វែងរកកងនាវិកជាបន្តទៀត។

Cal Fire និងអ្នកពន្លត់អគ្គិភ័យខោនធី San Diego ក៏កំពុងជួយស្វែងរកនៅ Pine Valley ដែលជាតំបន់ពិបាកចូលទៅដល់ ដោយសារតំបន់នេះត្រូវបានគ្របដណ្តប់ដោយព្រិលនាពេលថ្មីៗនេះដែលបានវាយលុកភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។

មន្ត្រីកងម៉ារីនអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះនេះមានទីតាំងនៅ Pine Valley រដ្ឋ California នៅវេលាម៉ោង ៩:០៨ ព្រឹក PST ក្នុងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤”។

“យន្តហោះកង​ម៉ារីនទី ៣ កំពុងគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះតាមរយៈមជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការដើម្បីកំណត់ទីតាំងអាកាសយានិកដោយមានការសម្របសម្រួលជាមួយនាយកដ្ឋានតម្រួតខោនធី San Diego និងភ្នាក់ងារសហព័ន្ធ រដ្ឋ និងមូលដ្ឋានជាច្រើនថែមទៀត”។

កងម៉ារីនដែល​បាត់ខ្លួនទាំង៥នាក់នោះ ត្រូវបានចាត់តាំងឲ្យទៅកាន់ក្រុម Marine Heavy Helicopter Squadron 361, Marine Aircraft Group 16, 3rd Marine Aircraft Wing ។

ការិយាល័យតម្រួត San Diego បានបញ្ជូនឧទ្ធម្ភាគចក្រដើម្បីចាប់ផ្តើមការស្វែងរកភ្លាមៗ ប៉ុន្តែយន្តហោះត្រូវបានផ្អាក ដោយសារតែមានព្យុះវាយប្រហារតំបន់នេះ នេះបើយោងតាមសារព័ត៌មាន ABC News ។
ឧបទ្ទវហេតុនេះកើតឡើងប្រហែលពីរខែបន្ទាប់ពីយន្តហោះ Osprey របស់កងទ័ពអាកាសអាមេរិកបានធ្លាក់នៅឯឆ្នេរសមុទ្រប្រទេសជប៉ុនកាលពីខែវិច្ឆិកាឆ្នាំមុន៕