សន្ដិសុខសង្គម

អាជ្ញាធរស្រុកទឹកឈូត្រៀមការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន

ដោយ៖កំចាយ

កំពត÷ ក្នុងបំណងការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននាពេលដ៏ខ្លីខាងមុខ អាជ្ញាធរស្រុកទឺកឈូបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបញ្ចៀសភាពអវិជ្ជមានដែលអាចកើតឡើងជាយថាហេតុ។

លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា ដើម្បីភាពកក់ក្តៅចំពោះភ្ញៀវជិតឆ្ងាយដែលនឹងធ្វើដំណើរមកកាន់ទឹកដីខេត្តកំពត ពិសេសសម្រាប់សកម្មភាពលម្ហែកម្សាន្តក្នុងភូមិសាស្ត្រស្រុកទឹកឈូប្រកបដោយភាពសប្បាយរីករាយ អាជ្ញាធរស្រុកបានដាក់ចេញនូវផែនការមួយចំនួនដល់គ្រប់ផ្នែកពាក់ព័ន្ធចាំបាច់ត្រូវតែអនុវត្តន៍។ ការងារចម្បងគឺកិច្ចការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់នៅតំបន់គោលដៅទេសចរណ៍ក្នុងដែនដីស្រុកទាំងមូល។

លោកអភិបាលស្រុកបានបញ្ជាក់ថា កន្លងមក មន្ត្រីអាជ្ញាធរបានចុះណែនាំដល់គ្រប់ទីតាំងផ្តល់សេវាទេសចរណ៍ឱ្យយកចិត្តទុកដាក់ក្នុងការសម្អាតអនាម័យបរិស្ថាន និងប្រកាន់ខ្ជាប់អំពីឥរិយាបថនៃពិធីបដិសណ្ឋារកិច្ចអតិថិជនរបស់ខ្លួន។ ជាមួយនេះ រដ្ឋបាលស្រុកក៏បានចេញសេចក្តីណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន ព្រមទាំងបានហាមប្រាមពីការដុតផាវ កាំជ្រួចដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា គោលដៅទេសចរណ៍ និងតំបន់រមណីយដ្ឋានល្បីៗនៅក្នុងស្រុកទឺកឈូ រួមមាន៖ បណ្តុំតំបន់ទេសចរណ៍ទឹកឈូ វាលស្រែអំបិល ឆ្នេរកោះស្មៅ សហគមន៍ត្រពាំងសង្កែ សហគមន៍កំពង់សាមគ្គី ភ្នំបុរេប្រវត្តិក្បាលរមាស ភ្នំឈ្ងោក តំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ(ទំនប់ប្រទាក់ក្រឡា ចម្ការម្រេចឡាប្លាថេសិន….ជាដើម)៕