ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យគម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់នៅភាគខាងលិចខេត្ត

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួនខអភិបាលរងខេត្ត លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់នៅភាគខាងលិចខេត្ត។

មន្ត្រីក្រុមការងារអោយដឹងកាលពីថ្ងៃទី០៧ខែកុម្ភ:ថា: ទីតាំងអាងទឹកចំនួន៣ទីតាំង​និងប្រព័ន្ធប្រឡាយខ្វាត់ខ្វែងនៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅនោះ មានគ្រឿងចក្រនិង ក្រុមការងារបច្ចេកទេសកំពុងមមាញឹកអនុវត្តការងារស្ថាបនា ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា គម្រោងដែលបានកំពុងដំណើរការកសាងនេះមាន ការសិក្សាអស់រយៈពេលជាង១០ឆ្នាំមកពីថ្នាក់ក្រសួង ក្រុមការងារអន្តរ​ក្រសួង ថ្នាក់ខេត្ត ស្រុកឃុំ និងភូមិ ដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋមានផលប៉ះពាល់​លើគម្រោង បានដោះស្រាយផលប៉ះពាល់ឈានដល់ការដំណើរមកទល់ថ្ងៃនេះបាន​លទ្ធផលជាផ្លែផ្កាបណ្តើៗហើយ។

គម្រោងស្តារប្រឡាយរំដោះទឹកជំនន់ និងស្តារអាងទឹកចាស់ៗទាំងនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភបាល ដែលកាលពីអាណត្តិមុនមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី នឹងបន្តអនុវត្តន៍ចេញជារូបរាងក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍ជាច្រើនដល់ជាតិ និងប្រជាជន កាត់បន្ថយគ្រោះទឹកជំនន់ រក្សាទុកទឹកប្រើប្រាស់ និងបម្រើដល់វិស័យកសិកម្មជាចម្បង។

បើតាមលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ​អោយដឹងកន្លងមកថា : គម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់​នៅភាគខាងលើចខេត្តបន្ទាយមានជ័យ រួមមាន :
I-ជួសជុលអាងទឺកមានចំនួន៣កន្លែង ៖
១ – អាងទឹកវាំងហែង
– ភ្លឺទំនប់អាង ប្រវែង ៦,២៣គម
– ផ្ទៃអាងមានទំហំ ៤៥៦,៨ហិកតា
– បរិមាណទឹក ៧ ៩០០ ០០០ម៉ែត្រគុប
– លទ្ធភាពស្រោចស្រពស្រូវវស្សា ២ ៦០០ហិកតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិកតា
២ – អាងទឹកពង្រ ៖
– ភ្លឺទំនប់អាងប្រវែង ៧,០១គម
– ផ្ទៃអាងមានទំហំ ៣៤០ហិកតា
– បរិមាណទឹក ៦ ៩០០ ០០០ម៉ែត្រគុប
– លទ្ធភាពស្រោចស្រពស្រូវវស្សា ២ ៥៧០ហិកតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិកតា
៣ – អាងទឹកកន្សែង ៖
– ភ្លឺទំនប់អាងប្រវែង ៧,១២០គម
– ផ្ទៃអាងមានទំហំ៨៣០ហិកតា
– បរិមាណទឹក ២២ ៨០០ ០០០ម៉ែត្រគុប
– លទ្ធភាពស្រោចស្រពស្រូវវស្សា ៦ ៣៦០ហិកតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំង ១ ៣១០ហិកតា
II – ប្រឡាយដោះទឹក និងស្រោចស្រពមានប្រវែងសរុប ៨៧,៦គម
III -សំណង់សិល្បការមានចំនួន ២០៧កន្លែង ។
វឌ្ឍនភាពការងារ ត្រឹមខែកុម្ភ:ឆ្នាំ២០២៤ កំពុងអនុវត្តសម្រេចបាន ជិត៣០% ធៀបទៅនឹងទំហំការងារនៃគម្រោងទាំងមូល ៕