អន្តរជាតិ

ហាម៉ាសស្នើឲ្យមានបទឈប់បាញ់រយៈពេល១៣៥ ថ្ងៃ, ដកទ័ពអ៊ីស្រាអែលនិងដោះលែងចំណាប់ខ្មាំងទាំងអស់

ប្រែសម្រួល៖ ស.សម្បត្តិ

ក្រោមការសម្របសម្រួលរបស់អាមេរិក កាតា និងអេហ្ស៊ីប ដើម្បីបើកឱកាសដ៏ល្អបំផុតមួយឈានទៅបញ្ឈប់ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ននៅហ្គាហ្សារក្រុមសកម្មប្រយុទ្ធហាម៉ាសបានដាក់ចេញនូវសំណើរបស់ពួកគេដើម្បីជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយ។

កាលពីថ្ងៃអង្គារ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានលើកសំណើឲ្យមានបទឈប់បាញ់នៅក្នុងរយៈពេល ៤ ខែកន្លះជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់និងបើកការត្រួសត្រាយផ្លូវ

មន្ត្រីអ៊ីស្រាអែលបានបដិសេធមិនព្រមផ្លាស់ផ្តូរគោលជំហររបស់ពួកគេសម្រាប់ជាការឆ្លើយតបជាលើកចុងក្រោយរបស់ហាម៉ាសដែលបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាម និងចាកចេញពីទឹកដីប៉ាឡេស្ទីន នៅមុនពេលដែលពួកគេយល់ព្រមដោះលែងចំណាប់ខ្មាំងជាង១៣០នាក់ទៀតដែលនៅសេសសល់ក្នុងដៃរបស់ពួកគេ។

ក្រុមហាម៉ាសបានលើកជាសំណើរឡើងសម្រាប់អនុវត្តកិច្ចព្រមព្រៀងជាបីដំណាក់កាលដែលនៅក្នុងដំណាក់កាលនីមួយៗមានរយៈពេល ៤៥ ថ្ងៃ។ ដំណាក់កាលទីមួយនឹងត្រូវដោះលែងស្ត្រី និងបុរសជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុក្រោម ១៩ ឆ្នាំ ព្រមទាំងមនុស្សចាស់និងអ្នកជំងឺ ។

ចំណាប់ខ្មាំងនឹងត្រូវប្តូរជាមួយនឹងស្ត្រីប៉ាឡេស្ទីន និងអនីតិជនដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ស្រដៀងទៅនឹងបទឈប់បាញ់ក្នុងរយៈពេលខ្លីកាលពីខែវិច្ឆិកាដូច្នោះដែរ។

ដំណាក់កាលទីពីរនឹងត្រូវចាប់ផ្តើមជាម៊ួយនឹងការបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានៅពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់បានព្រមព្រៀងគ្នាទៅវិញទៅមកបន្ទាប់មកអ៊ីស្រាអែលត្រូវតែដកទ័ពចេញទាំងស្រុងដើម្បីជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងបុរសៗដែលនៅសល់ទាំងអស់។

ដំណាក់កាលចុងក្រោយនឹងប្រគល់ជូននូវសាកសពនិងអដ្ឋិធាតុចំណាប់ខ្មាំងដែលបានស្លាប់។

ក្រុមមន្ត្រីអ៊ីស្រាអែលជឿថា ក្រុមហាម៉ាស់មានសាកសពចំណាប់ខ្មាំងយ៉ាងហោចណាស់ ៣២ នាក់ដែលបានស្លាប់ក្នុងអំឡុងការវាយប្រហារភេរវកម្មថ្ងៃទី ៧ ខែតុលា ឬខណៈពេលកំពុងជាប់ឃុំ។

ប្រភពបានប្រាប់កាសែត New York Times ថាបើយោងតាមការស៊ើបការណ៍សម្ងាត់ដែលមិនមានការបញ្ជាក់បានបង្ហាញថា យ៉ាងហោចណាស់នៅមាន ២០ នាក់ទៀតទំនងជាអាចត្រូវស្លាប់ផងដែរ។

បើយោងតាមប្រភពស្និទ្ធនឹងការចរចាបានឲ្យដឹងថា ក្រុមហាម៉ាស់ក៏ចង់បានការធានាថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវរក្សារហូតដោយមិនមានការប្រែប្រួលភ្លាមៗនៅពេលដែលចំណាប់ខ្មាំងត្រូវបានដោះលែងទាំងស្រុងនោះទេ។

ប្រភពមួយបានប្រាប់រ៉យទ័រថា “ពួកគេចង់ឲ្យការឈ្លានពានរបស់អ៊ីស្រាអែលត្រូវបានបញ្ឈប់តែមិនមែនក្នុងលក្ខណ្ឌជាបណ្តោះអាសន្ននោះទេហើយក៏មិនមែនអនុញ្ញាតឲ្យអ៊ីស្រាអែលបន្តយកពលរដ្ឋប៉ាឡេស្ទីនធ្វើជាចំណាប់ខ្មាំងដោយរស់នៅក្រោមការជិះជាន់សង្កត់សង្កិនរបស់អ៊ីស្រាអែលជាបន្តទៅទៀតនោះដែរ” ។

សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ezzat El-Reshiq បានបញ្ជាក់ថាលក្ខខណ្ឌទាំងនេះត្រូវបានអ្នកសម្របសម្រួលកិច្ចចរចាបញ្ជូនទៅមន្ត្រីអ៊ីស្រាអែល និងអាមេរិក។

លោកបានប្រាប់រ៉យទ័រថា “យើងមានឆន្ទៈក្នុងការដោះស្រាយជម្លោះដ៏បង្ហូឈាមនេះក្នុងស្មារតីវិជ្ជមានដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនរបស់យើង និងធានាឲ្យបាននូវបទឈប់បាញ់យ៉ាងពេញលេញ និងយូរអង្វែងមួយ ព្រមទាំងផ្តល់ជំនួយសង្គ្រោះ ទីជម្រក និងការកសាងឡើងវិញនូវហេដ្ឋរច្ចនាសម្ព័ន្ធ” ។

ខណៈដែលមន្ត្រីអ៊ីស្រាអែលដែលជាអ្នកពិភាក្សាលើសំណើរបស់ក្រុមហាម៉ាសបានបន្តលើកឡើងថា ការទាមទាររបស់ក្រុមភេរវករមិនមែនជាការចាប់ផ្តើមដោះស្រាយជម្លោះនោះទេ។

  • សូមពិនិត្យមើលផង

ជាងមួយភាគប្រាំនៃចំណាប់ខ្មាំងដែលនៅក្នុងដៃរបស់ក្រុមហាម៉ាស់ជិត ១៤០ នាក់ដែលនៅសេសសល់នៅតំបន់ហ្គាហ្សា បានស្លាប់ហើយ យ៉ាងហោចណាស់នៅមាន ២០ នាក់ទៀតដែលត្រូវបានគេសង្ស័យថាបានបាត់បង់ជីវិតផងដែរ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីយោធាអ៊ីស្រាអែល។

ជាងមួយភាគប្រាំនៃចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្គាហ្សាបានស្លាប់៖ មន្ត្រីអ៊ីស្រាអែល

ម្នាក់បានប្រាប់ប៉ុស្តិ៍លេខ ១៣ របស់អ៊ីស្រាអែលថា លក្ខខណ្ឌលម្អិតនៅក្នុងសំណើនេះអ៊ីស្រាអែលមិនអាចទទួលយកបាននោះទេ ដោយម្នាក់ទៀតបានប្រាប់ CNN ថា “គ្មានផ្លូវទេ” ដែលរដ្ឋជ្វីហ្វនឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងដែលមានលក្ខខណ្ឌបែបនេះនោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានមកដល់អ៊ីស្រាអែលបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដើម្បីពិភាក្សាអំពីលក្ខខណ្ឌដែលបានស្នើឡើងដោយក្រុមហាម៉ាស់និងវិធីដែលអ៊ីស្រាអែលគួរតែធ្វើការឆ្លើយតប។

កាលពីថ្ងៃអង្គារ លោក Blinken បន្ទាប់ពីត្រូវបានអ្នកចរចាកាតា និងអេហ្ស៊ីបសង្ខេបលើលក្ខខណ្ឌរបស់ក្រុម Hamas បាននិយាយថា “យើងនឹងធ្វើការឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន ដើម្បីព្យាយាមសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យយើងឈានទៅមុខគឺមិនត្រឹមតែផ្តោតលើកិច្ចព្រមព្រៀងថ្មីប៉ុណ្ណោះទេគឺត្រូវពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងលើបញ្ហាចំណាប់ខ្មាំងនិងនាំមកនូវអត្ថប្រយោជន៍ទាំងអស់គ្នា” ។

ចាប់តាំងពីពេលនោះមក លោក រដ្ឋលេខាធិការបានជួបជាមួយលោក Netanyahu ដើម្បីជំរុញនាយករដ្ឋមន្ត្រីឲ្យផ្តល់អាទិភាពដល់ការដោះលែងចំណាប់ខ្មាំង និងបង្កើនជំនួយដែលកំពុងត្រូវបានបញ្ជូនទៅឲ្យជនភៀសខ្លួននៅ Gazan នេះបើយោងតាមក្រសួងការបរទេសអាមរិក។

ទោះបីជាមានសុទិដ្ឋិនិយមក៏ដោយ លោក Blinken បាននិយាយថា បើទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់នៅតែអាចសម្របសម្រួលបានក៏ដោយតែលោក Netanyahu បាននិយាយម្តងហើយម្តងទៀតថា គាត់នឹងមិនទទួលយកលក្ខខណ្ឌសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ជាមួយក្រុមហាម៉ាសនោះទេ ហើយក៏មិនដោះលែងអ្នកទោសរាប់ពាន់នាក់ជាថ្នូរនឹងចំណាប់ខ្មាំងនោះដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថា ជ័យជំនះផ្នែកយោធា និងការតាមកំទេចក្រុមហាម៉ាសទាំងស្រុងគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម។

លោក Netanyahu គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធដែលគាត់ទំនងជានឹងផ្តល់ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះលក្ខខណ្ឌដែលស្នើឡើងដោយក្រុមហាម៉ាស៕