ព័ត៌មានជាតិ

ផ្សព្វផ្សាយពីជំងឺបន្តពូជគោនិងការបង្កាត់ពូជកាត់បន្ថយការឆ្លងជំងឺដល់កសិករ

ដោយ : បន្ទាយ

បន្ទាយមានជ័យ :មន្ត្រីជំនាញបានបន្តលើការងារផ្សព្វផ្សាយដល់កសិករស្តីពីជំងឺបន្តពូជគោនិងការបង្កាត់ពូជដើម្បីកាត់បន្ថយការឆ្លងជំងឺ។

មន្ត្រីឲ្យដឹងថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២៤ថា: ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យសហការជាមួយលោក ផាច លីត ផ្នែកបសុព្យាបាល នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជ្រៅ បានចុះពិនិត្យកន្លែងចិញ្ចឹមគោរបស់កសិករឈ្មោះ ស្រៀន កំសត់ ដែលមានទីតាំងស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

កសិករមានចិញ្ចឹមគោចំនួន៥២ក្បាល ។ក្នុងនោះ មេគោ ២៥ក្បាល, បា ០១ក្បាល កូន និងគោសាច់សរុប ២៦ក្បាល ។គាត់មានផ្ទៃដីដាំស្មៅចំនួន៥ហិកតា ។ក្រៅពីនោះ ក៏នៅមានផ្ទុកចំបើងសម្រាប់ផ្តល់ជាចំណីនិងសម្រាប់លក់ចេញផងដែរ ។

យោងមន្ត្រីឲ្យដឹងថា: ក្រុមការងារចុះពិនិត្យនេះ មានគោលបំណងដើម្បីត្រៀមរៀបចំវេទិកា”ផ្សព្វផ្សាយពីជំងឺបន្តពូជគោនិងការបង្កាត់ពូជកាត់បន្ថយការឆ្លងជំងឺ”ដែលកម្មវិធីនេះនឹងប្រព្រឹត្តនៅទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រោមការគាំទ្រជាបច្ចេកទេសពីនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ បសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។

ក្នុងវេទិកាកាលពីថ្ងៃទី០៦ខែកុម្ភ: ក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយលោក ធិក មករា ប្រធានការិយាល័យ អង្កេតតាមដាន និងប្រយុទ្ធប្រឆាំងជំងឺស៊ូណូស នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, លោក ផាច លីត ប្រធានផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជ្រៅ អាជ្ញាធរឃុំអូរបីជាន់ និងមេភូមិសិលាខ្មែរ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ការកាត់បន្ថយជំងឺឆ្លង និងកែលម្អការបន្តពូជគោ ។ក្រុមកសិករចិញ្ចឹមគោចូលរួមសរុប ៣៥នាក់/ ស្រ្តី ៨នាក់។

សូមបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តទៅនៅកសិដ្ឋានចិញ្ចឹមគោរបស់លោក ស្រៀន កំសត់ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលគាត់កំពុងចិញ្ចឹមគោសរុប ៥២ក្បាល ៕