ព័ត៌មានជាតិ

ប្រជាកសិករអរគុណចំពោះការអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងដែលខ្វះទឹក

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ប្រជាកសិករនៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបានថ្លែងការអរគុណចំពោះការអន្តរាគមន៍របស់ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំភូមិនិងក្រុមការងារអនុវត្តដែលបានរិះរកមធ្យោបាយនៃទឹកទៅជួយសង្គ្រោះស្រូវប្រាំងដែលខ្វះទឹក។

ក្រុមការងារ ឲ្យដឹងកាលពីថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០២៤ ថា : លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ  លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីពាក់ព័ន្ធបានចុះទៅដល់ទីតាំងក្រុមការងារខួងអណ្តូង(កសិកម្ម) យកទឹកពីក្រោមដី ដើម្បីមកជួយសង្គ្រោះស្រូវប្រាំងខ្វះខាតទឹកស្រោចស្រព។ពោលគឺក្រោយពីបានរកប្រភពទឹកបូមជួយអស់លទ្ធភាព តែនៅតែមិនអាចរកបាននៅទីតាំងវាលភូមិក្រមល់ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា :ក្រោមការយកចិត្តទុកដាក់គិតគូរដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធត្រូវឆ្លើយតបដោះស្រាយបញ្ហា ប្រជាពលរដ្ឋ ដោយមិនទុកឲ្យបញ្ហាទាំងនោះកើតមានឡើងដោយមិនបានដោះស្រាយនោះឡើយ។

សូមបញ្ជាក់ថាស្រូវប្រាំងខ្លះចេញផ្លែនិងត្រៀមដាក់គ្រាប់ដែលខ្វះខាតទឹកនិងខ្លះប្រមូលផលមានជាង ១-០០០ ហិកតា ស្ថិតនៅឃុំរហាត់ទឹក កំពុងជួយនេះ ឬផ្នែកខាងលើដងស្ទឹងមង្គលបូរីនៃភូមិសាស្ត្រស្រុកមង្គលបូរី ។

យោងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងថា : មកទល់ពេលនេះ (ដើមខែកុម្ភ:) ទូទាំងខេត្ត កសិករបង្កបង្កើនស្រូវប្រាំងបានដល់ទៅ៦៧.៩៣៦ហិកតាស្មើនឹង២៧២%នៃផែនការតែចំនួន២៥.០០០ហិកតា ។
ក្នុងនោះស្រូវរងផលប៉ះពាល់ដោយខ្វះទឹកចំនួន១.៧៦០ហិកតា បានឈានដល់ខូចខាតចំនួន៣៦០ហិកតា ។ក្នុងនោះស្រូវប្រាំងនៅឃុំសឿ១០០ហិកតា,ឃុំចំណោម ៨១៣ហិកតា ,ឃុំរហាត់ទឹក៤១៧ហិកតានិងឃុំបត់ត្រង់៣៣៣ហិកតា ។

ផ្ទៃដីស្រូវប្រាំងដែលអាចនឹងខូចខាតសរុបអាចដល់ចំនួន១.០០០ហិកតា ដែលចំនួននេះបើគិតធៀបនឹងផ្ទៃដីធ្វើស្រូវប្រាំងសរុបចំនួនជិត៧ម៉ឺនហិកតា គឺវាជាចំនួនតិចតួចប៉ុណ្ណោះ ។

ចំពោះអណ្តូងទឹកយកទឺកស្រោចស្រពនេះ ក្រុមការងារជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តដឹកនាំដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរ បានកំពុងខួងបាន១អណ្តូងចេញទឹកទៅជួយសង្គ្រោះស្រូវបណ្តើរៗហើយ និងបន្តខួងនៅទីតាំងផ្សេងថែមទៀតតាមស្ថានភាពជាក់ស្តែង។

លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឲ្យដឹងដែរថា: នៅក្នុងឃុំសំបួរស្រុកមង្គលបូរីឯណោះវិញ ស្រូវដែលជួបខ្វះខាតទឹកស្រោចស្រព មានចំនួន១.២៥០ហិកតា។
គិតចាប់ពីថ្ងៃទី២៥ខែមករា ដល់ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹកនិងប្រជាពលរដ្ឋ បានធ្វើការបូមសង្គ្រោះស្រូវបានទាន់ពេលវេលាដែរ។


ក្នុងនោះ ដោយនៅមានប្រភពទឹក ក្រុមការងារបានប្រើប្រាស់ម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះ ចំនួន៩គ្រឿង បូមពីដៃស្ទឹងមង្គលបូរី ក្នុងភូមិចំនួន ៧ ហើយលទ្ធផលសម្រេចស្រោចស្រពគឺ១.១៦៥ហិកតា ស្មើនឹង ៩៣.២០%។
ចំណែកស្រូវនៅសល់ចំនួន ៨៥ហិកតាទៀត មន្ទីរកំពុងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បន្តបូមសង្គ្រោះរហូតដល់ថ្ងៃទី៦ខែកុម្គៈ ឆ្នាំ២០២៤ កន្លងមក
នឹងបញ្ចប់គ្រប់ផែនការជួយបូមសង្រ្គោះរួចផុតពីរាំងស្ងួត100%។

ហេតុនេះ  ប្រជាកសិករបានសូមអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវរបស់ពួកគាត់៕