សន្ដិសុខសង្គម

ក្រុមន្ត្រីជំនាញ រកឃើញបង្គាចាក់បញ្ចូលចាហួយ ជាង៤តោននៅរាជធានីភ្នំពេញ

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប សាខារាជធានីភ្នំពេញ បានរកឃើញបង្គាចាក់បញ្ចូលចាហួយ ជាង៤តោននៅតំបន់ត្រឡោកបែក ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ។

មន្ត្រី ក.ប.ប បានឱ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដោយជិតដល់ថ្ងៃចិន-វៀតណាម សែននឹងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ កម្លាំងជំនាញបានចុះពិនិត្យគ្រឿងសមុទ្រនៅតំបន់ត្រឡោកបែក។ ក្នុងនោះបានរកឃើញបង្គាមានចាក់បញ្ចូលចាហួយចំនួនជាង៤ពាន់គីឡូក្រាម។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញបានឱ្យថា៖ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានអនុវត្តការងារតាំងពីម៉ោង៣ទៀបភ្លឺ ដើម្បីឃ្លាំមើលការដឹកទំនិញឆ្លងកាត់។ ជាលទ្ធផល គ្រឿងសមុទ្រដូចជាមឹក ក្តាម និងអយស្ទ័រ មិនបានរកឃើញសារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែបានរកឃើញ និងដកហូតបង្គាមានចាក់បញ្ចូលចាហួយចំនួន២៦០កេស ស្មើប្រមាណ៤.២៣៥គីឡូក្រាម។

លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញក៏បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត។ក្នុងនោះកុំឱ្យមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។ចំពោះបង្គាមានចាក់បញ្ចូលចាហួយ ជាង៤តោននោះ ផ្នែកជំនាញកំពុងបន្តនីតិវិធី៕