សន្ដិសុខសង្គម

កម្លាំងជលផលនិងសមត្ថកិច្ចខេត្តកំពត បង្ក្រាបទីតាំងផលិត និងលក់ឧបករណ៍ឆក់ត្រី នៅក្នុងស្រុកអង្គរជ័យ

ដោយ៖វិចិត្រ
កំពត៖កម្លាំងខណ្ឌរដ្ឋបាលជលផល និងសមត្ថកិច្ចខេត្តកំពត បានចុះបង្ក្រាបទីតាំងផលិត និងលក់ឧបករណ៍ឆក់ត្រី ក្នុងស្រុកអង្គរជ័យ ដោយឃាត់ខ្លួនមនុស្ស២នាក់ និងវត្ថុតាងមួយចំនួនធំ ដើម្បីយកអនុវត្តតាមច្បាប់។

មន្ត្រីជលផលបានឱ្យដឹងថា៖ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត មន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងរដ្ឋបាលស្រុក និង នគរបាលស្រុកអង្គរជ័យ សមត្ថកិច្ចបានបង្ក្រាបទីតាំងផលិត និងលក់ឧបករណ៍ឆក់ត្រី នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ។

នៅក្នុងយុទ្ធនាការចុះបង្ក្រាបនេះ សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បានដកហូតវត្ថុតាងនៅទីតាំងជាក់ស្ដែង រួមមានឧបករណ៍ អាំងវែទ័រឆក់ត្រីចំនួន១១គ្រឿង និងឧបករណ៍គ្រឿងបង្គំចំនួន១៦គ្រឿង ព្រមទាំងបានឃាត់ខ្លួនអ្នក ផលិតឧបករណ៍ឆក់ទាំងនេះចំនួន២នាក់។ បុរសជាជនសង្ស័យឈ្មោះនាង សារ៉ាក់ អាយុ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះ យែម ភា អាយុ៤៤ឆ្នាំ។


ក្រោយពីបង្ក្រាបទីតាំងខាងលើ មន្ត្រីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកផលិត ឬអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី ឱ្យបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់។ជាមួយនោះត្រូវប្រគល់ឧបករណ៍ឆក់ដោយស្ម័គ្រចិត្តដល់មន្រ្តីរដ្ឋបាលជលផល ឬអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីចៀសវាងការមានទោសតាមច្បាប់ស្តីពីជលផល៕