សន្ដិសុខសង្គម

ម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្រ្តីម្នាក់ជាសន្តិសុខស្លាប់មួយរំពេច

ដោយ៖វិចិត្រ
ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយម៉ូតូបានបត់ឆ្លងផ្លូវ ត្រូវរថយន្តបើកក្នុងល្បឿនលឿនក៏បុកពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ជាសន្តិសុខបានស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ។


សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតឈ្មោះ រឿន សោភ័ណ្ឌ អាយុ៣៥ឆ្នាំ ជាសន្តិសុខ ទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ស្ត្រីរងគ្រោះបើកបរម៉ូតូម៉ាកនិចផ្លាកលេខភ្នំពេញ1FE-0563។

មុនកើតហេតុគេឃើញស្រ្តីម្នាក់ជិះម៉ូតូ ចេញពីផ្លូវបេតុងពីកើតទៅលិច។ពេលមកដល់កន្លែងខាងលើក៏បត់ឆ្វេងឆ្លងផ្លូវ៦០ម៉ែត្រ ស្រាប់តែមានរថយន្តម៉ាក LexusRX300 ផ្លាកលេខភ្នំពេញ 2R-1842 ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើងក្នុងល្បឿនលឿនក៏បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យមនុស្សខ្ទាតជាច្រើនម៉ែត្រ ហើយក៏ស្លាប់យ៉ាងរន្ធត់។
ចំណែករថយន្តបង្កក្រោយកើតហេតុបានបត់ត្រឡប់ក្រោយព្យាយាមបើករត់ តែត្រូវនគរបាលចរាចរណ៍ ប្រដេញតាមក៏ឃាត់បានទាំងអ្នកបើកបរនិងរថយន្ត។

បន្ទាប់ពីពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅទុកនៅកន្លែងនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕