សន្ដិសុខសង្គម

បុរសម្នាក់បើករថយន្តក្រឡាប់ ហើយក្រុមមនុស្សមួយក្រុមនាំគ្នាវាយធ្វើបាបអ្នកបើកបរនៅទៀបភ្លឺ

ដោយ៖សុខុម

បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់មួយករណី មានក្រុមមនុស្សមួយក្រុមមកវាយធ្វើបាបអ្នកបើកបរកំពុងភ្ញាក់ផ្អើលពេញគ្រូបតេឡេក្រាម។

ប្រភពបានបញ្ជាក់ឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅអំឡុងម៉ោងជិត ៤:០០នាទីទៀបភ្លឺ ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤ តាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្បែររង្វង់មូលព្រះនារាយណ៍ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមការអះអាងបឋមដដែលបានឲ្យដឹងថា÷ មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទដឹកទំនិញមួយគ្រឿងបើកបរពីកើតទៅលិច លុះដល់ចំណុចគ្រោះថ្នាក់រថយន្តខាងលើបានរេចង្កូតទំនងចង់កៀរក្រុមក្មេងមួយក្រុមដែលកំពុងធ្វើដំណើរស្របទិសគ្នារួចក៏ជ្រុលរេចង្កូតទៅបុកនឹងខឿនពុះទ្រូងផ្លូវក្រឡាប់បះកង់តែម្តង។ បន្ទាប់ពីគ្រោះថ្នាក់កើតឡើងបានបន្តិចគេឃើញអ្នកបើកបរបានលូនចេញពីកាប៊ីនរថយន្ត ភ្លាមនោះមានក្រុមក្មេងមួយក្រុមមិនស្គាល់អត្តសញ្ញាណបានឈប់ម៉ូតូចោមរោមអ្នកបើកបររថយន្តនោះរួចវាយ និងទាត់ម្នាក់មួយជើងដោយចោទថាម្ចាស់រថយន្តដឹកទំនិញខាងលើស្រវឹងស្រា និងប៉ុនប៉ងដេញបុកពួកគេ។

ករណីដដែលមន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា÷ រថយន្តគ្រោះថ្នាក់ចរាចរណ៍នេះជារថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ សៀមរាប ២A-៤៣៤១ បើកបរដោយឈ្មោះហន បញ្ញា មានទីលំនៅក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំពោះមុខ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកអនុវត្តច្បាប់តម្រូវឲ្យម្ចាស់រថយន្តជួសជុលខឿនពុះទ្រូងផ្លូវឲ្យល្អឡើងវិញ ចំណែកករណីប្រើហិង្សាអាស្រ័យលើជនរងគ្រោះប្តឹងស្វែងរកជនដៃដល់ ឬក៏យ៉ាងណា៕