ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមស្នើដល់សមត្ថកិច្ចសហការការពារការបោះឆ្នោតព្រឹទ្ធសភាឱ្យប្រព្រឹត្តទៅដោយរលូន

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបាន ស្នើដល់អាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ ចូលរួមសហការការពារការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះនឹង ប្រព្រឹត្តទៅដោយរលូន។


លោកអភិបាលខេត្តកំពង់ចាមបានស្នើយ៉ាងដូច្នេះ នៅក្នុងការដែលលោកបានអញ្ជើញ ចូលរួមក្នុងនាមជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានរៀបចំនៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៦ កុម្ភៈ ដោយបានបញ្ជាក់ថា៖ ត្រូវសហការដើម្បីឱ្យការបោះឆ្នោតមួយ នេះប្រព្រឹត្តទៅដោយសេរីពោល គឺដោយត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិត គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។


លោកបានបញ្ជាក់ទៀតថា៖ ជាពិសេសអាជ្ញាធរត្រូវធ្វើការផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព ជូនដល់អ្នក ពាក់ព័ន្ធ ដើម្បីសហការអនុវត្ត ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ឱ្យមានលក្ខណៈកាន់តែ ប្រសើរឡើង និងប្រកបដោយការ ទទួលខុសត្រូវខ្ពស់។


សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើងរៀងរាល់ ប្រាំមួយ ឆ្នាំម្តង ហើយសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខនេះ៕