សន្ដិសុខសង្គម

លោកសសុខាសម្រេចលុបឈ្មោះអធិការរងក្រុងកំពតម្នាក់ចេញពីក្របខ័ណ្ឌនគរបាលជាតិ

ដោយ៖កំចាយ

កំពត: លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះអធិការរងក្រុងកំពតម្នាក់​ចេញពីក្របខ័ណ្ឌក្រោយមានសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំរបស់ស្នងការដ្ឋានខេត្ត​កំពតនូវបទល្មើសនិងវិន័យកងកម្លាំងនគរបាលជាតិ។

យោងប្រកាសលេខ៥៧៣.ប្រ.ក របស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយ​លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤ សម្រេចថា ត្រូវបានអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត ក្រោមរូបភាពដកហូតតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដោយមូលហេតុល្មើសវិន័យរបស់​កងកម្លាំងនគរបាលជាតិ។ បន្ទាប់ពីមានសេចក្តីសម្រេចបែបនេះ នៅរសៀលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤ គណនីហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពតបានផ្សព្វផ្សាយ​មានខ្លឹមសារថា ” សម្អាតផ្ទះយើងឱ្យស្អាត, ជាអ្នកអនុវត្តច្បាប់ ជាគំរូល្អដល់ប្រជាពលរដ្ឋ បែរជាធ្វើគំរូអាក្រក់សម្រាប់ខ្លួនឯង និងកិត្តិយសកងកម្លាំងនគរបាលជាតិ។ អធិការរង​ក្រុងកំពតដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ​នគរបាលជាតិ។ នេះជាសារដាស់តឿនដល់​មន្ត្រីកងកម្លាំងដទៃឱ្យជៀសឆ្ងាយ​ពីគ្រឿងញៀន និងធ្វើជានគរបាលល្អសម្រាប់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន”។

សូមរំឭកថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានសរសេរ​ក្នុងខ្លឹមសារថា ” ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងគោរពស្នើសុំគោលការណ៍​ពីថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បី​បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបានពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានធ្វើឱ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ “៕