ព័ត៌មានជាតិ

រយ:១ខែមន្ត្រីធនធានទឹកជួយសង្គ្រោះស្រូវប្រាំងកសិករបានជាង៤ពាន់ហិកតា

ដោយ៖កំចាយ

កំពត÷ រយ:ពេល១ខែនៃកិច្ចអន្តរាគមន៍លើបញ្ហាខ្វះខាតទឹកនាដំណាក់កាលរីងហួតហែង មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបានជួយសង្រ្គោះស្រែស្រូវប្រាំងជូនប្រជាកសិករក្នុងស្រុកចំនួន២បានជាង៤ពាន់ហិកតា។

លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបានប្រាប់ឱ្យដឹងថា ដោយការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ ពិសេសពីឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបូមទឹកជូនកសិករនៅតំបន់ងាយរងគ្រោះក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និងឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាចចាប់តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ និងកំពុងដំណើរការបន្តទៀត។

កិច្ចការនេះគឺមន្ត្រីរបស់លោកបានចុះស្តារប្រឡាយធំៗមួយចំនួន ដូចជា ប្រឡាយបឹងស្លែង ប្រឡាយស្បូវអណ្តែត ព្រមទាំងប្រឡាយចុងសួងដើម្បីអាចនាំទឹកពីស្ទឹងទូកមាស និងព្រែកទាន់ហន់បញ្ជូនចូលប្រឡាយរងនានាបំណងផ្តល់លទ្ធភាពជូនកសិករបូមដាក់ស្រែពួកគាត់។

លោកប្រធានមន្ទីរបានបន្តថា ជាលទ្ធផល រយ:ពេល១ខែនេះ ក្រុមការងារបានជួយសង្គ្រោះស្រែស្រូវប្រាំងជូនកសិករបាន៤.៥៣០ហិកតា ក្នុងស្រុកទាំង២ដែលប្រឈមនឹងកង្វះទឹកនោះ។ កត្តាដែលនាំឱ្យខ្វះខាតទឹកស្រោចស្រពដោយសារអាកាសធាតុប្រែប្រួល រដូវប្រាំងអូសបន្លាយយូរ ការកើនកម្តៅខ្លាំង និងពុំមានភ្លៀងកក់ខែ៕