ព័ត៌មានជាតិ

រដ្ឋបាលនិងជំនាញថា ប្រឹងរកគ្រប់មធ្យោបាយដើម្បីសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ នៅស្រុកមង្គលបូរី

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឃ្លោក នួយ អភិបាលរងខេត្ត ក្នុងនាមឲ្យលោកអ៊ុំ រាត្រី អភិបាលខេត្ត រួមជាមួយលោក រត្ន័ ដាស៊ីណង់ អភិបាលស្រុក លោក ឡាយ សុធី អនុប្រធានធនធានទឹក និងឧតុនិយមខេត្ត មន្ត្រីពាក់ព័ន្ធបាននាំយកគ្រឿងចក្រ ជីកបុកអណ្តូង ដើម្បីជួយសង្គ្រោះស្រូវប្រជាកសិករ ត្រៀមដាក់គ្រាបប្រមូលផល។

ថ្ងៃនេះ  ក្រុមការងារបានកំពុងបុក១អណ្តូងបើករណីមានទឹកចេញគ្រប់ នឹងបន្តបុកថែមទៀតតាមស្ថានភាពជាក់ស្តែង។

ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់ ។

សូមរំលឹកថា លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមដំណើរដោយប្រធានមន្ទីរធនធានទឹកខេត្ត លោកអភិបាលរងស្រុកមង្គលបូរីកាលពីថ្ងៃទី៣១ ខែមករា ២០២៤ បានចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងខ្វះខាតទឹកស្រោចស្រព និងរកប្រភពទឹកបូបជួយអស់លទ្ធភាព។
ជាមួយលោកប្រធានមន្ទីរធនធានទឹក ឧតុនិយមខេត្ត អាជ្ញាធរស្រុក ឃុំពិនិត្យនៅទីតាំងវាលភូមិក្រមល ឃុំរហាត់ទឹកស្រុកមង្គលបូរី ។

បើតាមលោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មាន CFN ថ្ងៃទី៥ខែកុម្ភ:ថា : មកទល់ពេលនេះ ទូទៅទាំងខេត្ត កសិករបង្កបង្កើនស្រូវប្រាំងបានដល់ទៅ៦៧.៩៣៦ហិកតាស្មើនឹង២៧២%នៃផែនការតែចំនួន២៥.០០០ហិកតា ។ក្នុងនោះស្រូវរងផលប៉ះពាល់ដោយខ្វះទឹកចំនួន១.៧៦០ហិកតា បានឈានដល់ខូចខាតចំនួន៣៦០ហិកតា ។
ក្នុងនោះស្រូវប្រាំងនៅឃុំសឿ១០០ហិកតា,ឃុំចំណោម ៨១៣ហិកតា ,ឃុំរហាត់ទឹក៤១៧ហិកតានិងឃុំបត់ត្រង់៣៣៣ហិកតា ។

លោកប្រធានមន្ទីររូបនេះថា  : ផ្ទៃដីស្រូវប្រាំងដែលអាចនឹងខូចខាតសរុបអាចដល់ចំនួន១.០០០ហិកតា ដែលចំនួននេះបើគិតធៀបនឹងផ្ទៃដីធ្វើស្រូវប្រាំងសរុបចំនួនជិត៧ម៉ឺនហិកតា គឺវាជាចំនួនតិចតួច។ ទោះយ៉ាងណា មន្ទីរក៏ចូលរួមសោកស្តាយ ជាមួយបងប្អូនកសិករដែរ ។

មូលហេតុនិងកត្តាដែលខូចខាតដោយខ្វះទឹកស្រោចស្រពនោះ មានដូចជា : ទី១-លទ្ធភាពទឹកនិងប្រព័ន្ធស្រោចស្រពដឹងស្រេចថា មិនគ្រប់គ្រាន់ តែកសិករនៅតែមានះធ្វើស្រូវ ។
ពិសេសគឺធ្វើចុងក្រោយ នៅពេលអ្នកធ្វើមុន ស្រូវបានចេញ ទុំនិងច្រូតកាត់ហើយ។ទី២- កត្តាស្រូវឡើងថ្លៃ នាំអោយកសិករផ្អូកផ្អើលធ្វើច្រើន ហើយធ្វើនៅនៅវាលស្រែដែលពុំធ្លាប់ធ្វើ ។ ទី៣-ចំណុចខ្លះគ្មានប្រភពទឹក គ្មានប្រឡាយស្រេចជាដើម ៕