ព័ត៌មានជាតិ

មន្ត្រីជំនាញបើកទ្វារបង្ហូរទឹកអាងកំពីងពួយផ្គត់ផ្គង់ដំណាំស្រូវប្រាំងជិត ២០ ០០០ហិកតាក្នុងស្រុកបាណន់

ដោយ៖សុខុម

បាត់ដំបង: មន្ត្រីជំនាញធនធានទឹកបើកទ្វារបង្ហូរទឹកអាងស្តុកទឹកកំពីងពួយដំណាក់កាលទី ៤ កុម្ភៈផ្គត់ផ្គង់ស្រោចស្រពដំណាំស្រូវប្រាំងជិត ២០ ០០០ហិកតាក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ ចាប់តាំងពីថ្ងៃទី ០៥ ខែកុម្ភ: ឆ្នាំ២០២៤កន្លងមកនេះមន្ត្រីជំនាញប្រចាំតំបន់ សហការណ៍ជាមួយអាជ្ញាធរ រួមទាំងសហគមន៍កសិករប្រេីប្រាស់ទឹកអាងកំពីងពួយ បានបេីកទ្វារទឹកមួយភាគដើម្បីផ្តល់ទឹកជូនបងប្អូនប្រជាកសិករទទួលបានទឹកស្រោចស្រពស្រូវរដូវប្រាំង លេីកទី៤ តាមផែនការដែលបានគ្រោងទុក។

ការបើកទ្វាបង្ហូរទឹកបង្កលក្ខណៈដល់ប្រជាពលរដ្ឋប្រកបការដាំដុះស្រូវរដូវប្រាំងនេះបាន​ចែកចាយស្រោចស្រពលើផ្ទៃដីសរុបចំនួន ១៧.៥៧៨ ហិកតា នៃផែនការ ១០.០០០ហិកតា ។

លោក ឡុង ផលគុណ បន្តថា÷ តួលេខស្រូវប្រាំងដែលកសិករបង្កបង្កើនផល​ខាងលើមានស្រូវចំនួន ៩.៦៧៦ហិកតាត្រូវការទឹកពីមន្ត្រីជំនាញបើកផ្តល់​ឲ្យមួយលើកទៀត និងដំណាក់កាលនៃលូតលាស់ដំណាំស្រូវចំនួន ១.៣៨០ហិកតា ទៀតត្រូវការទឹក ០២លើកទៀតពីមន្ត្រីជំនាញបើកផ្តល់ឲ្យ ដែលដំណាក់ចុងក្រោយ​នេះប្រជាកសិករមិនអាចបន្តការដាំដុះស្រូវប្រាំងបន្តទៀតឡើយ ដោយសារ​ទឹកក្នុងអាងស្តុកនៅសល់ទឹកត្រឹមតែ ៧០ លានម៉ែត្រគូប ប៉ុណ្ណោះនៃធាទឹក​ដែលមានសរុបចំនួន ១៧៥ លានម៉ែត្រគូប៕