ព័ត៌មានជាតិ

ទីលានចាក់សំរាមថ្មីសង់លើផ្ទៃដីជិត១០ហិកតានៅស្រុកកំពង់សៀម

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ៥ កុម្ភៈ បានដឹកនាំសហការី និងមន្រ្តីពាក់ព័ន្ធ ដើម្បីចុះពិនិត្យដំណើរការស្ថាបនាទីលានទុកសំរាម ក្រុងកំពង់ចាម លើផ្ទៃដីជិត១០ហិកតា ស្ថិតក្នុងភូមិរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម។


តាមបទបង្ហាញរបស់លោក សែម ចន្តា អ្នកគ្រប់គ្រងអនុគម្រោងទីលានទុកសំរាម ក្រុងកំពង់ចាមបានឱ្យដឹងថា៖ ទីលានចាក់សំរាមនឹងប្រើពេលចំនួន ១៧ខែ ចាប់ពីខែមករា ឆ្នាំនេះ ដល់ខែឧសភា ឆ្នាំ២០២៥ សាងសង់ដោយក្រុមហ៊ុនប៊ីអេម ខនស្រ្តាក់ស្សិន និងអេឡិចទ្រីច ខូអិលធីឌី។


លោកអ្នកគ្រប់គ្រងអនុគម្រោងបានបន្តថា៖ ទីលានទុកសំរាមនេះមានផ្ទៃដីសរុបចំនួន ៨,១៥ ហិកតា មានទីលានទុកដាក់សំរាមទំហំ ១,៣ ហិកតាដែលមានសមត្ថភាពផ្ទុកសំរាមចំនួន ១២៩.៥៦៧ ម៉ែត្រគុប, អាងប្រព្រឹត្តកម្មទឹករងៃចំនួន បួនអាង និងមានហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងចំនួន ១៤ កន្លែងផ្សេងទៀត៕