សន្ដិសុខសង្គម

ឆេះក្បាលរថភ្លើងដឹកប្រេងពេលកំពុងបើកបរមកពីខេត្តព្រះសីហនុ

កំពត÷ អគ្គិភ័យបានឆាបឆេះក្បាលរថភ្លើង១គ្រឿងពេលកំពុងបើកសណ្តោងស៊ីទែនប្រេងមកពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចក្បែរព្រំប្រទល់រវាងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ស្ថិតក្នុងភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស។

លោក ហ៊ន ប៊ុនស៊ីដេត អធិការស្រុកអង្គរជ័យបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ សមត្ថកិច្ចបានទទួលដំណឹងអំពីករណីភ្លើងឆេះក្បាលរថភ្លើងដឹកប្រេងមកពីខេត្តព្រះសីហនុពេលបើកបរដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស។ ព្រោះតែអធិការដ្ឋានស្រុកអង្គរជ័យនៅជិតជាង លោកក៏បានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ២គ្រឿងចុះអន្តរាគមន៍ភ្លាមៗ។

លោកអធិការបានបញ្ជាក់ថា ដោយសារផ្លូវចុះពីផ្លូវជាតិលេខ៣១ឆ្ពោះទៅផ្លូវរថភ្លើងមានស្ថានភាពលំបាកខ្លាំងទើបទម្រាំរថយន្តពន្លត់អគ្គិភ័យទៅដល់គឺភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង។ ក្រោយប្រើប្រាស់ទឹកអស់៤ស៊ីទែន ភ្លើងក៏រលត់ទាំងស្រុង តែក្បាលរថភ្លើង១គ្រឿងនេះបានខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ មូលហេតុដែលមិនបានឆាបឆេះដល់ស៊ីទែនផ្ទុកប្រេងដោយសារក្រុមការងារលើរថភ្លើងបានចុះដោះផ្តាច់ ហើយអ្នកបើកបរព្យាយាមបញ្ជាក្បាលម៉ាស៊ីនមកមុខឱ្យឃ្លាតចេញឆ្ងាយ៕