ព័ត៌មានជាតិ

ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ក្រីក្រចំនួន១.០១៣គ្រួសារ ក្នុងក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមានជីវភាពក្រីក្រ លំបាកចំនួន១.០១៣គ្រួសារមកពីសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលអំណោយរបស់ព្រះមុនីសីលសោភ័ណសិរីបញ្ញា សយ ចាន់ថន ព្រះគ្រូចៅអធិការវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម និងពុទ្ធបរិស័ទនានាដែលបានបរិច្ចាគប្រគេនដល់ព្រះសង្ឃក្នុងពិធីបុណ្យប្រពៃណីផ្សេងៗកន្លងមក។

ពិធីចែកនោះធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ព្រះមុនីសីលសោភ័ណសិរីបញ្ញា សយ ចាន់ថន ព្រះគ្រូចៅអធិការ វត្តខ្មែរពុទ្ធភូមិជាយដែនសីមារាមមានសង្ឃដីការថា: ដោយពិនិត្យមើលឃើញពីភាពខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននោះ ព្រះអង្គក៏បានមានព្រះទ័យអាណិតស្រឡាញ់ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ទើបព្រះអង្គនិងវត្តបានរៀបចំនូវអំណោយមនុស្សធម៌។អំណោយក្នុងមួយគ្រួសារបាននូវអង្ករ១០ គីឡូក្រាម គ្រឿងឧបភោគបរិភោគ ឃីត១កញ្ចប់និងទឹកបរិសុទ្ធថៃចំនួន១យួរ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមុនីសីលសោភ័ណ សយ ចាន់ថន និងព្រះសង្ឃ អាចារ្យនិងពុទ្ធបរិស័ទដែលជានិច្ចកាលព្រះអង្គតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ ងាយរងគ្រោះដែលមានជីវភាពខ្វះខាត។

សូមរំលឹកថា កាលពីឆ្នាំ២០២៣ ព្រះអង្គសយ ចាន់ថនបានចូលរួមផ្តល់អំណោយមនុស្សធម៌ជូនដល់សង្កាត់ទាំង៣ ក្នុងក្រុងប៉ោយប៉ែតសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងក្នុងមួយសង្កាត់ទទួលបានអង្ករ ៣តោន មី៦០កេសទឹកត្រី១០០យួរ ទឹកសុទ្ធ៣០០យូរ ។
ក៏បានចែកជូនដល់គ្រួសារសពក្នុងក្រុងប៉ោយប៉ែតជួបការលំបាកចំនួន ៦៣គ្រួសារ ក្នុងមួយគ្រួសារសពទទួលបាននូវអង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន១០យួរ មី២កេសត្រីខកំប៉ុង២យួរ និងភេសជ្ជៈ៕