ព័ត៌មានជាតិ

ខឿនឧបោសថាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល

ដោយ៖ជា ជឿន

សៀមរាប៖ អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់ ។


ខឿននៃឧបោសថាគារ ដែលដើមឡើយមានរោងធ្វើពីឈើប្រក់ក្បឿង(បច្ចុប្បន្នពុកផុយដួល​រលំអស់ហើយ នៅសល់តែស្លាកស្នាមប៉ុណ្ណោះ) មានទទឹង៧,៥០ម៉ែត្រនិងបណ្តាយ១៧,៥០ម៉ែត្រនេះ គឺជាទីតាំងនៃព្រះវិហារព្រះពុទ្ធសាសនា បន្ទាប់ពីប្រាសាទនេះបានប្រែក្លាយជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា តាំងពីសម័យកណ្តាលមក។


បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័គ្រ អ្នកទទួលខុសត្រូវការងារជួសជុល បានឱ្យដឹងថា ក្នុងការជួសជុលនេះគឺយើងនឹងធ្វើការរើតួខឿនទាំងមូលចេញ ដើម្បីធ្វើការពង្រឹងគ្រឹះនិងរចនាសម្ព័ន្ធផ្នែកខាងក្រោម ទើបរៀបផ្គុំតួខឿននៃឧបោសថាគារទាំងមូលឡើងវិញ ទៅតាមលំនាំដើម ហើយការងារជួសជុលនេះ គ្រោងនឹងបញ្ចប់នាពេល៣ខែខាងមុខ៕