សន្ដិសុខសង្គម

ក្រឡាប់រទេះដឹកអីវ៉ាន់គាបនឹងដើមឈើ ដាច់ជើងត្រឹមភ្លៅបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ

ដោយ៖វិចិត្រ
ត្បូងឃ្មុំ៖គ្រោះថ្នាក់បានកើតឡើងភា្លមៗដោយក្មេងប្រុសម្នាក់រងរបួសធ្ងន់ ដោយសារក្រឡាប់រទេះដឹកអីវ៉ាន់ ហើយគាបជើងជាប់នឹងដើមស្វាយ ក៏ដាច់ត្រឹមភ្លៅម្ខាង រួចបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ហេតុការណ៍នេះបានកើតឡើងនៅមុខសាលាបឋមសិក្សា ភូមិទ្រា៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីល្ងាចពីថ្ងៃទី៥ ខែកុម្ភៈ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះថ្នាក់ រហូតបាត់បង់ជីវិត ឈ្មោះ យ៉ាន ហ្វាទេល អាយុ១២ឆ្នាំ ខ្មែរអ៊ីស្លាម សិស្សរៀនសាលាអាហ្ស៊ីហ្ស ភូមិទ្រាទី៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

មុនកើតហេតុ ក្មេងរងគ្រោះបានជិះលើរទេះដឹកអីវ៉ាន់ ដែលមានពូឈ្មោះ ជិ ហ្វីស៊ី ជាអ្នកបើកបរមកពីកន្លែងលក់ត្រឡប់ទៅផ្ទះវិញ។

លុះមកដល់កន្លែងខាងលើ ស្រាប់តែម៉ូតូអូសរទេះបានគេចពីរថយន្តមកពីមុខ ក៏ធ្លាក់ផ្លូវរទេះក្រឡាប់សង្កត់គាបជើងក្មេងនឹងដើមស្វាយ បណ្តាលឱ្យដាច់ជើងម្ខាងត្រឹមភ្លៅតែម្តង។ ភ្លាមៗនោះត្រូវបានក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ហើយក៏បានស្លាប់នៅតាមផ្ឡូវ។បន្ទាប់មកក្រុមគ្រួសារក៏ដឹកសាកសពត្រឡប់ទៅលំនៅស្ថានវិញ ដើម្បីរៀបចំពិធីបុណ្យ៕