ព័ត៌មានជាតិ

អ្នកអង្គរជាច្រើនស្រុករបស់ខេត្តសៀមរាបនៅតែរក្សាប្រពៃណីឡើងមាឃឬឡើងអ្នកតាជារៀងរាល់ឆ្នាំ

អត្ថបទ: លោក យី សុថា
សៀមរាប៖ ជារៀងរាល់ឆ្នាំនៅថ្ងៃ៣កើតខែមាឃ អ្នកស្រុកអង្គរនៅតាមស្រុកនិងភូមិជាច្រើនតែងនាំគ្នាប្រារព្ធធ្វើពិធីឡើង មាឃដែលជាពិធីឡើងអ្នកតាមិនដែលខាន។


បើទោះបីជាបច្ចុប្បន្ន​សង្គមមានការជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបក្តីក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីនិងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួនដោយនាំគ្នាធ្វើពិធីឡើងមាឃសម្រាប់ឡើង អ្នកតា នៅតាមខ្ទមអ្នកតាឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។


ក្រុមអ្នកស្រុក​អង្គរធ្វើពិធីឡើងមាឃនេះបន្ទាប់ពីការប្រមូលផលស្រូវបានរួចរាល់ទាំងស្រុង ពោលគឺជាការបិទបញ្ចប់វដ្ដស្រូវនៃឆ្នាំនេះ។


ជាទូទៅស្រុក ភូមិជាច្រើននៅតំបន់អង្គរដូចជាភូមិរលួស និងភូមិដូននំរបស់ឃុំបាគង ភូមិគីរីមានន្ទនិងភូមិត្នោតរបស់ឃុំអំពិលនៃស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេងរបស់សង្កាត់គោកចក ភូមិក្រវ៉ាន់របស់សង្កាត់នគរធំ ភូមិក្រសាំងរលើង របស់សង្កាត់សៀមរាប ភូមិភ្នំក្រោម របស់សង្កាត់ចុងឃ្នៀសនៃក្រុងសៀមរាប ភូមិប្រដាក ភូមិថ្នល់ត្រង់របស់ឃុំព្រះដាក់ ភូមិសាលាក្រវ៉ាន់របស់ឃុំរំចេក ភូមិស្រែចង្ហូតរបស់ឃុំរុនតាឯកនៃស្រុកបន្ទាយស្រី ភូមិដូនឪ ភូមិតាប្រុកនិងភូមិលាងដៃរបស់ឃុំលាងដៃនៃស្រុកនគរធំជាដើមតែងធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាតែមួយល្ងាចប៉ុណ្ណោះ។ចំណែកឯភូមិខ្លះទៀត ធ្វើរយៈពេលមួយយប់មួយថ្ងៃក៏មាន។


ក្នុងពេលដែលអ្នកភូមិប្រារព្ធពិធីឡើងមាឃនោះ គឺគេនាំគ្នាធ្វើនំបញ្ចុកនៅតាមផ្ទះរៀងៗខ្លួន រួចហើយយកទៅប្រជុំគ្នានៅមុខខ្ទមអ្នកតា រួចហើយនៅភូមិខ្លះគេមានធ្វើពិធីបញ្ចូលរូបដោយមានពិធីសែនព្រេននិងប្រគុំភ្លេងមេមត់យ៉ាងអធិកអធម្មផង។


អ្នកភូមិមានជំនឿថាអ្នកតាគឺជាវត្ថុស័ក្ដិសិទ្ធិ ដែលតែងតាមជួយថែរក្សាភូមិស្រុកនិងជួយឱ្យកូនចៅរបស់គេបានសេចក្តីសុខសប្បាយ ធ្វើស្រែចំការទទួលបានភោគផលច្រើន ព្រមទាំងសត្វដែលពួកគេចិញ្ចឹមទាំងឡាយអាចជៀសផុតពីជំងឺផ្សេងៗ។ដោយសារតែជំនឿដូចនេះ ទើបអ្នកស្រុកត្រូវរៀបចំធ្វើពិធីនេះទៅតាមលទ្ធភាពមិនដែលហ៊ានអាក់ខានឆ្នាំណាទេ។


នៅឆ្នាំ២០២៤ នេះអ្នកភូមិបង្កោងបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបនឹងរៀបចំពិធីឡើងមាឃចំថ្ងៃអាទិត្យ២កើត ខែមាឃ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈដោយធ្វើពិធីចាប់ត្រីនៅក្នុងត្រពាំងបឹងនៅវេលាម៉ោង៦ព្រឹក សម្រាប់យកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃនិងម្ហូបអាហារសម្រាប់ចែកគ្នាទទួលទាននៅតាមផ្ទះនិងគ្រួសារផង៕