អន្តរជាតិ

អវកាសយានិករុស្ស៊ី បានបង្កើតឯតទគ្គកម្មពិភពលោកនៅលើអវកាសបានយូរជាងគេបំផុត

ប្រែសម្រួល៖ សហការី
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានរាយការណ៍ថា អវកាសយានិកជនជាតិរុស្សី Oleg Kononenko បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ពេលវេលាដែលបានចំណាយច្រើនជាងគេនៅលើលំហអាកាស។

បុរសវ័យ ៥៩ ឆ្នាំរូបនេះបានចំណាយពេលជាង ៨៧៨ ថ្ងៃ និង ១២ ម៉ោងនៅក្នុងលំហអាកាស ដោយវ៉ាដាច់មិត្តរួមជាតិរុស្ស៊ី Gennady Padalka ដែលបានបង្កើតកំណត់ត្រាពីមុន ៨៧៨ ថ្ងៃ ១១ ម៉ោង ២៩ នាទី និង ៤៨ វិនាទីក្នុងឆ្នាំ ២០១៥ ។


Kononenko បានធ្វើដំណើរ ៥ ដងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដែលតាំងពីឆ្នាំ ២០០៨ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានរដ្ឋរុស្ស៊ី TASS វិស្វកររូបនេះបាននិយាយថា រាល់ការធ្វើដំណើរទៅកាន់ ISS ទាមទារឲ្យមានការរៀបចំយ៉ាងប្រុងប្រយ័ត្ន ដោយសារតែការធ្វើដំណើរឥតឈប់ឈររបស់ស្ថានីយ ប៉ុន្តែជីវិតជាអវកាសយានិកគឺជាសុបិនកាលពីនៅកុមារភាព។

“ខ្ញុំហោះហើរទៅកាន់ទីអវកាសដើម្បីធ្វើអ្វីដែលខ្ញុំចូលចិត្ត មិនមែនបង្កើតកំណត់ត្រានោះទេ។ ខ្ញុំមានក្តីសុបិន និងប្រាថ្នាចង់ក្លាយជាអ្នកអវកាសយានិកតាំងពីខ្ញុំនៅក្មេង។ ចំណាប់អារម្មណ៍នេះគឺជាឱកាសសម្រាប់ខ្ញុំដើម្បីហោះហើរទៅកាន់ទីអវកាស ដើម្បីរស់នៅ និងធ្វើការនៅក្នុងគន្លងគោចរណ៏ដែលជំរុញខ្ញុំឲ្យបន្តការហោះហើរ” គាត់បានប្រាប់សារព័ត៌មាន TASSយ៉ាងដូច្នេះ ។

ការធ្វើដំណើរបច្ចុប្បន្នរបស់ Kononenko ទៅកាន់ ISS បានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នៅពេលដែលគាត់បានចាប់ផ្តើមជាមួយនឹងអវកាសយានិករបស់ NASA Loral O’Hara និង Roscosmos ដែលជាមិត្តរួមជាតិ Nikolai Chub ។ នៅចុងបញ្ចប់នៃបេសកកម្មនេះ អវកាសយានិកត្រូវបានគេរំពឹងថានឹងក្លាយជាមនុស្សដំបូងគេដែលមានពេល ១,០០០ ថ្ងៃនៅក្នុងលំហអាកាស។

ស្ថានីយអវកាសអន្តរជាតិ គឺជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួន ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី នៅតែសហការគ្នាយ៉ាងជិតស្និទ្ធ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ មកលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។ Roscosmos បានប្រកាសកាលពីខែធ្នូថា កម្មវិធីហោះហើរឆ្លងដែនរបស់ខ្លួនជាមួយអង្គការ NASA ដឹកជញ្ជូនអវកាសយានិកទៅកាន់ ISS ត្រូវបានពន្យារពេល រហូតដល់ឆ្នាំ ២០២៦៕