សន្ដិសុខសង្គម

រថយន្តធំបុកម៉ូតូពីក្រោយ រួចកិនបន្ថែមបណ្តាលឱ្យបុរសម្នាក់បែកក្បាលស្លាប់ភ្លាម

ដោយ៖វិចិត្រ
ភ្នំពេញ៖រថយន្តប្រភេទសណ្តោង ធុនធំបើកបុកម៉ូតូចំពីក្រោយពេញទំហឹងរួចកិនពីលើ បណ្តាលឱ្យបុរសម្នាក់បែកក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធ័ម។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ស្ថិតនៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ។

មន្ត្រីសមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ឆែម ឈុនលីម អាយុ២៣ឆ្នាំ ទីកំណើត ភូមិបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

មុនកើតហេតុបុរសខាងលើបានជិះម៉ូតូម៉ាកហុងដា MSX ផ្លាកលេខភ្នំពេញ1GS-6641 តាមផ្លូវជាតិលេខ៤ពីកើតទៅលិច។មកដល់កន្លែងខាងលើ ក៏មានរថយន្តធុនធំ ប្រភេទសណ្តោងរ៉ឺម៉ក ផ្លាកលេខភ្នំពេញ3G-0773 បើកមកពីក្រោយបានបុកម៉ូតូ រួចកិនពីលើ បណ្តាលជនរងគ្រោះបែកក្បាលស្លាប់មួយរំពេច។បន្ទាប់បង្កហេតុ តៃកុងបានបន្ថែមល្បឿន ព្យាយាមបើករថយន្តគេច តែបានឆ្ងាយបន្តិចក៏បើកទ្វារចុះ រួចរត់គេចខ្លួនបាត់។

ក្រោយមកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះមកវាស់វែង រួចយករថយន្តបង្កជាមួយម៉ូតូជនរងគ្រោះទៅរទុកដើម្បីបន្តនីតិវិធី ។ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕