សន្ដិសុខសង្គម

មិនទាន់ចាប់បានជនមិនស្គាល់មុខ គប់គ្រាប់បែកចូលក្នុងបន្ទប់ផ្ទះអ្នកភូមិ របួសក្មេងម្នាក់

ដោយ៖វិចិត្រ
បាត់ដំបង៖សមត្ថកិច្ចមិនទាន់ចាប់បាន ជនមិនស្គាល់មុខ ដែលគប់គ្រាប់បែកចូលក្នុងបន្ទប់ផ្ទះអ្នកភូមិ បណ្តាលឱ្យផ្ទុះលាន់កក្រើក បង្កឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់។ករណីនេះគេដាក់ការសង្ស័យផ្តើមឡើងពីរឿងគំនុំ។ហេតុការណ៍គួរឱ្យតក់ស្លុតខាងលើ បានកើតឡើងនៅម្តុំទូលក្រសាំង ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ុក កុយ អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម នៅ អាយុ៣៧ឆ្នាំ នៅភូមិ-ឃុំខាងលើ។ពេលកើតហេតុជនមិនស្គាល់មុខបានគប់គ្រាប់បែកចូលតាមប្រឡោះបង្អូចបន្ទប់ដេកកូនស្រីម្ចាស់ផ្ទះ បណ្ដាលផ្ទុះលាន់កក្រើកកណ្តាលយប់។ប៉ុន្តែសំណាងល្អក្នុងយប់នោះកូនស្រីម្ចាស់ផ្ទះមិនបានដេកក្នុងបន្ទប់នោះទេ។

ក្នុងហេតុការណ៍នោះបណ្តាលឱ្យក្មេងប្រុសម្នាក់ ឈ្មោះ ស៊ុក ខាវី អាយុ១២ឆ្នាំ ជាកូនម្ចាស់ផ្ទះរងរបួសពេលកំពុងដេកជាមួយឪពុកម្តាយ ជាប់បន្ទប់ដែលគប់គ្រាប់បែកចូល។

ម្ចាស់ផ្ទះរងគ្រោះបានប្រាប់ថា មុនកើតហេតុពួកគាត់មាន៣នាក់ ឪពុកម្តាយ និងកូនកំពុងដេកលង់លក់ស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំង និងមានផ្សែងហុយពេញផ្ទះ ធ្វើឱ្យពួកគាត់ភិតភ័យដោយរួចពីការស្លាប់។


សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជំហានដំបូងថា ជុំវិញករណីគប់គ្រាប់បែកចូលបន្ទប់ដេកនាងក្រមុំកូនម្ចាស់ផ្ទះ សង្ស័យអាចផ្ដើមចេញពីរឿង“គំនុំស្នេហាត្រីកោណ” រវាងកូនស្រីម្ចាស់ផ្ទះជាមួយជនដៃដល់ដែលគប់គ្រាប់បែកនោះ។ដោយខឹងនាងបានបែកចិត្តទៅមានអ្នកថ្មីទៀត។ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់មុខសញ្ញា ឈានដល់ការចាប់ខ្លួនបានទើបដឹងរឿងពិត៕