សន្ដិសុខសង្គម

ចូលចម្ការជីករមៀតលក់ជាន់មីនផ្ទុះដាច់ប្រអប់ជើង

ដោយ៖សុខុម

បាត់ដំបង÷ បុរសម្នាក់ចូលចម្ការដើរជីកមើមរមៀតទុកលក់ បានជាន់គ្រាប់មីនសល់តាំងពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះរងរបួសដាច់ប្រអប់ជើង។

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ករណីបុរសម្នាក់ដើរជាន់គ្រាប់មីននេះបានកើតឡើងនៅវេលាម៉ោងជិត ១០:០០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឋិតនៅត្រង់ចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពដដែលបញ្ជាក់បន្តថា÷ ជនរងគ្រោះឈ្មោះ ស៊ីម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្បែរទីតាំងកើតហេតុខាងលើ។ មុនពេលកើតហេតុពលរដ្ឋរូបនេះបានដើរចូលទៅក្នុងចម្ការដើម្បីជីកមើមរមៀតទុកសម្រាប់លក់ដូចរាល់ដង ចៃដន្យពេលនោះពេលជនរងគ្រោះដើរដល់ចំណុចមួយក៏បានជាន់គ្រាប់មីនដែលគប់នៅក្នុងដីចម្ការក៏បណ្តាលឲ្យផ្ទុះឡើងយ៉ាងកក្រើកបង្កអោយជនរងគ្រោះរបួសជើងទាំងសងខាងតែម្តង ប៉ុន្តែធ្ងន់ធ្ងរនៅជើងខាងឆ្វេង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងក្នុងករណីនេះដែរថា÷ គ្រាប់មីនដែលបង្កការគ្រោះថ្នាក់ដល់ពលរដ្ឋនៅតំបន់អតីតសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញនេះជាប្រភេទគ្រាប់មីនស្គរ ហើយវាគឺជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមកន្លងមក៕