សន្ដិសុខសង្គម

រថយន្តក្រុងលួចបង្កប់ស៊ុតមាន់ខុសច្បាប់ ដឹកពីខេត្តកំពង់ស្ពឺមកចែកចាយនៅខេត្តបន្ទាយមានជ័យត្រូវពេទ្យសត្វបង្ក្រាប

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ រថយន្តក្រុង១គ្រឿងលួចបង្កប់ស៊ុតមាន់ខុសច្បាប់ ក្នុងការដឹកជញ្ជូនពីស្រុក​ឧដុង្គខេត្តកំពង់ស្ពឺមកចែកចាយនៅខេត្តបន្ទាយមានជ័យត្រូវពេទ្យសត្វខេត្តបន្ទាយមានជ័យបង្ក្រាប ដោយក្នុងនោះរកឃើញស៊ុតចំនួន ២០០ដុំ ស្មើនឹង ៦០ ០០០គ្រាប់ ។

មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី០៤ខែកុម្ភ: ថា: នារសៀលម៉ោង១២ និង២០នាទី​ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រុមអន្តរាគម​ន៍​ការិយាល័យខាងលើ បានឃាត់ចាប់រថយន្តក្រុង ០១គ្រឿង ពណ៌លឿងលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D-9090 ។

ការឃាត់នេះ រថយន្តនេះ បានលួចបង្កប់ស៊ុតមាន់ខុសច្បាប់ ចំនួន ២០០ដុំ ស្មើនឹង៦០ ០០០គ្រាប់។


មន្ត្រីពេទ្យសត្វបានបន្តថា : បន្ទាប់ពីសាកសួរព័ត៌មានពីអ្នកបើកបររថយន្តបានប្រាប់ថា គាត់ស៊ីឈ្នួលដឹកស៊ុតមាន់ចេញពីម្តុំ ស្រុកឧត្តុង្គ​ខេត្តកំពង់ស្ពឺឆ្ពោះមកអោយម៉ូយគេលក់​ចែកចាយនៅខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ គាត់ប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុត​មាន់នោះឡើយ គឺបានទាក់ទងតែអ្នកហៅមកដឹកប៉ុណ្ណោះ ។

មន្រ្តីជំនាញបាននាំយកវត្ថុតាងល្មើសនិងមធ្យោបាយខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕