អន្តរជាតិ

ភ្លើងឆេះព្រៃក្នុងប្រទេសឈីលីបានសម្លាប់មនុស្សយ៉ាងតិច៥១នាក់

ប្រែសម្រួល៖ ស-សម្បត្តិ

កាលពីថ្ងៃសៅរ៍អាជ្ញាធរ​ឈីលី​បាននិយាយថា ភ្លើងឆេះព្រៃនៅភាគកណ្តាលប្រទេសបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់ ហើយចំនួនអ្នកស្លាប់ទំនងជានឹងបន្តកើនឡើង ខណៈដែលសេវាសង្គ្រោះបន្ទាន់បានខិតខំតស៊ូពន្លត់ភ្លើងយ៉ាងក្តៅគគុក។

ផ្សែងខ្មៅហុយខ្មួលខ្មាញ់គ្របដណ្តប់តំបន់ Valparaiso ទាំងមូលដែលមានពលរដ្ឋជិតមួយលាននាក់រស់នៅចំកណ្តាលប្រទេសឈីលី ខណៈដែលអ្នកពន្លត់អគ្គិភ័យបានប្រើឧទ្ធម្ភាគចក្រ និងរថយន្តព្យាយាមពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅ។

អាជ្ញាធរឈីលីបាននិយាយថា តាមតំបន់ជុំវិញទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ Vina del Mar គឺជាតំបន់រងគ្រោះខ្លាំងជាងគេបំផុតក្រុមជួយសង្គ្រោះកំពុងខិតខំទៅឲ្យដល់គោលដៅនៅគ្រប់ទីកន្លែងដែលរងផលប៉ះពាល់ដោយសារតែអគ្គិភ័យ។

រដ្ឋមន្ត្រីមហាផ្ទៃរដ្ឋ Carolina Toha បាននិយាយថាមានសាកសពមនុស្សប្រាំនាក់ត្រូវបានប្រទះឃើញនៅលើផ្លូវសាធារណៈចំនួនអ្នកស្លាប់អាចនឹងកើនឡើងបើយោងតាមព័ត៌មានបានបង្ហាញថា “ចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ” នៅក្នុងប៉ុន្មានម៉ោងខាងមុខ។

Toha បាននិយាយថា “ស្ថានភាពអាកាសធាតុរបស់ Valparaiso គឺផុយស្រួយបំផុត” ដោយនិយាយថាប្រទេសនេះកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់មួយចាប់តាំងពីរងការរញ្ជួយដីកាលពីឆ្នាំ ២០១០ ដែលបានសម្លាប់មនុស្សប្រហែល ៥០០ នាក់។

ប្រធាន Gabriel Boric បានថ្លែងតាមទូរទស្សន៍ថា “ស្ថានភាពពិតជាអាក្រក់ខ្លាំងណាស់” ។

ភ្លើងឆេះព្រៃមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសឈីលីក្នុងរដូវក្តៅនេះ។ កាល​ពី​ឆ្នាំ​មុន​រលក​កម្ដៅ​ដ៏​ខ្លាំង​មួយបានធ្វើឲ្យមនុស្ស​ប្រមាណ ២៧​នាក់​​ស្លាប់ និង​ផ្ទៃដីជាង ៩៩០,០០០ ហិកតា​រង​ផល​ប៉ះពាល់។

លោក Toha បាននិយាយថា “តំបន់ដែលមានអគ្គិភ័យឆាបឆេះថ្ងៃនេះមានទំហំតូចជាងឆ្នាំមុនក៏ប៉ុន្តែ នៅពេលនេះចំនួន​ផ្ទៃដីរាប់ហិកតាដែលរងផលប៉ះពាល់កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស” ។

នៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ តំបន់ដែលរងផលប៉ះពាល់ដោយសារតែភ្លើងឆេះព្រៃបានកើនឡើងចាប់ពី ៧៤១៣០ ដល់១១០,០០០ ហិកតា។

លោក Toha បាននិយាយថា ការព្រួយបារម្ភរបស់អាជ្ញាធរគឺថាសកម្មភាពអគ្គិភ័យដែលកំពុងតែឆាបឆេះបាននិងកំពុងវិវត្តកាន់តែទៅជិតតំបន់ទីក្រុង “ជាមួយនឹងសក្តានុពលហានិភ័យខ្ពស់ដែលបង្កឲ្យប៉ះពាល់ដល់ជីវិតមនុស្ស ផ្ទះ និងសម្ភារបរិក្ខារនាៗ”៕

ប្រភព៖NEW YORK POST