អន្តរជាតិ

ប្រទះឃើញបក្សីងាប់ក្នុងប្រព័ន្ធគ្រប់គ្រងការហោះហើរឧទ្ធម្ភាគចក្រពេទ្យដែលធ្លាក់ស្លាប់មនុស្ស៣នាក់

ប្រែសម្រួល៖ ស-សម្បត្តិ
យោងតាម NTSBបានឲ្យដឹងថា​មានឧទ្ធម្ភាគចក្ររបស់ពេទ្យមួយគ្រឿង​បានធ្លាក់​នៅអូក្លាហូម៉ា កាលពីថ្ងៃទី ២០ ខែមករា ដោយបានសម្លាប់អ្នក​បើកយន្តហោះ គិលានុបដ្ឋាយិកា និង គ្រូពេទ្យទាំងអស់ចំនួន៣នាក់ ។
គេរកឃើញសត្វក្ងានមួយក្បាលបង្កប់នៅក្នុងប្រព័ន្ធគ្រប់គ្រងការហោះហើរ​របស់ឧទ្ធម្ភាគចក្រពេទ្យ ដែលបានធ្លាក់នោះ។


យោងតាមរបាយការណ៍បឋមរបស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបានឲ្យដឹងថា បក្សីនេះត្រូវបានគេរកឃើញ “បង្កប់នៅក្នុង servo នៃប្រព័ន្ធ​គ្រប់គ្រង​ការហោះហើរ”របស់ឧទ្ធម្ភាគចក្រពេទ្យ ។

គេបានកត់​សម្គាល់ផងដែរថា “មានជ្រុះកម្ទេចរោមបក្សីជាច្រើននៅក្នុងនោះ” ដែលត្រូវបានគេយកទៅស្រាវជ្រាវរកអត្តសញ្ញាណពិតរបស់វា។
គេនៅមិនទាន់អាចនិយាយបានថាតើសត្វបក្សីនេះគឺជាមូលហេតុនាំឲ្យធ្លាក់ឧទ្ធម្ភាគចក្រឬយ៉ាងណានោះទេ ដោយរង់ចាំ “ការពិនិត្យឡើងវិញដោយ​កងទ័ព​អាកាសសហរដ្ឋអាមេរិកលើប្រព័ន្ធគ្រោះថ្នាក់ថាតើវាអាច​បង្កឡើងដោយសារតែសកម្មភាពបក្សីក្នុងពេលឧទ្ធម្ភាគចក្រស្ថិតនៅរយ:​កម្ពស់ “ទាប” នៅជុំវិញតំបន់ដែលកើតមានឧបទ្ទវហេតុនេះ។

NTSB បាននិយាយថា របាយការណ៍លម្អិតស្តីពីមូលហេតុដែល​កើតឡើងនេះ​អាចនឹងចំណាយពេលដល់ទៅពីរឆ្នាំដើម្បីបញ្ចប់វា។


នាវិកឧទ្ធម្ភាគចក្រពេទ្យបានដាក់អ្នកជំងឺនៅឯមជ្ឈមណ្ឌលសុខភាព Mercy Heliport ក្នុងទីក្រុងអូក្លាហូម៉ា ហើយកំពុងត្រឡប់ទៅមូលដ្ឋាននៅ Weatherford នៅមុនពេលដែលវាបានធ្លាក់។

ការស្វែងរកឧទ្ធម្ភាគចក្របានចាប់ផ្តើមនៅប្រហែលម៉ោង ១១ និង ៣០ នាទីយប់។ បន្ទាប់ពីប្រព័ន្ធ GPS របស់ឧទ្ធម្ភាគចក្រឈប់ដំណើរការ។ យន្តហោះនេះត្រូវបានគេរកឃើញនៅលើលំហវាលស្មៅមួយកន្លែង។របាយការណ៍បាននិយាយថា “បំណែកឧទ្ធម្ភាគចក្រស្ថិតនៅនឹងកន្លែង​កើតហេតុ”។

ផ្នែកសំខាន់នៃការខូចខាតមានដូចជា​តួយន្តហោះ ម៉ាស៊ីន និងកន្ទុយ​បានដាច់ចេញពីយន្តហោះ៕

ប្រភព Post wires