អន្តរជាតិ

បុរសម្នាក់ប្រើកាំបិតចុងស្រួចចាក់មនុស្ស៣នាក់នៅស្ថានីយរថភ្លើងក្នុងទីក្រុងប៉ារីស

ប្រែសម្រួល៖ រតនា

កាលពីថ្ងៃសៅរ៍មានបុរសម្នាក់បានប្រើកាំបិទចុងស្រួចចាក់ទៅលើជនរងគ្រោះនៅស្ថានីយរថភ្លើង Gare de Lyon ដ៏សំខាន់ក្នុងទីក្រុងប៉ារីសបណ្តាលឲ្យមនុស្សរងរបួសចំនួន៣នាក់។ ព្រិត្តិការណ៏នេះគឺជាឧបទ្ទវហេតុដ៏គួរឲ្យភ័យខ្លាចមួយផ្សេងទៀតនៅក្នុងទីក្រុងនេះក្នុងខណ:ដែលខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាអូឡាំពិកនៅមុនបើកឆាកប្រកួតក្នុងរដូវក្តៅសម្រាប់រយៈពេលប្រាំមួយខែ។

ប៉ូលិសក្រុងប៉ារីសបាននិយាយថា ពួកគេបានឃាត់ខ្លួនអ្នកប្រើកាំបិទចុងស្រួចដែលបានចាក់ទៅលើជនរងគ្រោះនៅម៉ោងប្រហែល ៨ ព្រឹក។

មានអ្នករងរបួសម្នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ចំណែក​២​នាក់​ផ្សេងទៀត​រងរបួស​ស្រាល​ជាង ។ ប៉ូលិសមិនមានព័ត៌មានលម្អិតភ្លាមៗផ្សេងទៀតនោះទេ។

បើយោងតាមការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីមហាផ្ទៃលោក Gerald Darmanin បានពណ៌នាថាការវាយប្រហារនេះថាជា “ទង្វើដែលមិនអាចលើកលែងបាន” ហើយបានថ្លែងអំណរគុណដល់ប៉ូលិសក្រុងប៉ារីសដែលបានចាប់ឃាត់ខ្លួនជនបង្ក។

សន្តិសុខនៅទីក្រុងប៉ារីសកំពុងត្រូវបានបង្កើនការរឹតបន្តឹង ខណៈដែលត្រៀមស្វាគមន៍កីឡាករអូឡាំពិក ចំនួន១០,៥០០ នាក់និងអ្នកទស្សនារាប់លាននាក់សម្រាប់ការប្រកួតកីឡាអូឡាំពិកលើកដំបូងក្នុងរយៈពេលមួយសតវត្សរ៍នៅក្នុងរដ្ឋធានីប្រទេសបារាំង។

ការប្រកួតនឹងចាប់ផ្តើមបើកឆាកជាមួយនឹងការប្រារព្ធពិធីដ៏ធំរៀបចំឡើងនៅតាមដងទន្លេ Seine នៅថ្ងៃទី ២៦ ខែកក្កដា ដែលជាបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងទីក្រុងដែលតែងតែរងនូវការវាយប្រហារ

ម្តងហើយម្តងទៀតពីសំណាក់ភេរវករចាប់តាំងពីឆ្នាំ ២០១៥ ។

នៅក្នុង​ខែ​ធ្នូ ថ្មីៗ​នេះមានបុរស​ម្នាក់​បាន​កំណត់​គោលដៅ​អ្នក​ធ្វើ​ដំណើរ​ក្បែរ​ប៉ម Eiffel ដោយ​បាន​ចាក់សម្លាប់​អ្នក​ទេសចរ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ដោយ​កាំបិត និង​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស។

Gare de Lyon គឺជាស្ថានីយរថភ្លើងដ៏មមាញឹកបំផុតមួយនៅក្នុងទីក្រុងប៉ារីស។ វា​ជា​មជ្ឈមណ្ឌល​​សម្រាប់​រថភ្លើង​ល្បឿន​លឿន​ដែល​ភ្ជាប់​រដ្ឋធានី​ទៅ​កាន់ទីក្រុង​ផ្សេងៗ និង​សម្រាប់​រថភ្លើង​ដឹកអ្នក​ដំណើរ​ដែល​បម្រើ​នៅឯជាយក្រុង និង​ទីប្រជុំជន​ក្នុង​តំបន់​ប៉ារីសទាំងមូល៕