សន្ដិសុខសង្គម

បុរសចិនម្នាក់បើករថយន្តទំនើប មិនប្រកាន់ស្តាំបុកម៉ូតូ បង្កឱ្យឪពុកនិងកូន២នាក់ស្លាប់

ដោយ៖វិចិត្រ
ស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ ដោយរថយន្តទំនើបបើកបរ​ដោយជនជាតិចិនម្នាក់មិនប្រកាន់ស្តាំក៏បុកម៉ូតូ បណ្តាលឱ្យឪពុកនិងកូន​២នាក់ស្លាប់មួយរំពេច។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវតាព្រឹម ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ឪពុកនិងកូន២នាក់ដែលស្លាប់-ឈ្មោះ សួស តាក់ច័ន្ទធីតា អាយុ ៣១ឆ្នាំ នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ កូនឈ្មោះ ខ្លា រ៉ាដែន អាយុ៧ឆ្នាំ ជាសិស្ស និងឈ្មោះ ខ្លា ចិត្រ្តា អាយុ២ឆ្នាំ។ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ផ្លាកលេខកណ្តាល 1L-8457ខូចខាតទាំងស្រុង។

ចំណែកជនជាតិចិនបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ WEN XIAOLONG អាយុ៣៧ឆ្នាំ ជាអាជីវករលក់ដូរ ក្នុងតំបន់កាស៊ីណូសៀងហៃ។ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងអ្នករួមដំណើរចិនដូចគ្នា ឈ្មោះ JI LINGEN អាយុ៣៤ឆ្នាំ ជាអាជីវករ ។ ជនបង្កបើករថយន្តម៉ាក LEXUS LX570 ផ្លាកលេខ ភ្នំពេញ 2AQ-5833 ខូចខាតយ៉ាងដំណំ។


ក្រោយកើតហេតុ តៃកុងនិងអ្នករួមដំណើរ សមត្ថកិច្ច បានឃាត់ខ្លួន​ហើយយក​ទាំងរថយន្តនិងម៉ូតូទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តនីតិវិធី។ចំណែកសាកសព ប្រគល់ឱ្យក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ៕