សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលបុកបង្គោលភ្លើងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ដោយ៖វិចិត្រ
ភ្នំពេញ៖បុរស២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលបុក បង្គោលភ្លើង បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ហេតុការណ៍នេះ បានកើតឡើងនៅខាងលិចស្ពានដែកចម្ការដូង ផ្លូវលេខ៣៧១ ភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ផល ផា អាយុ២៥ឆ្នាំ បម្រើការក្នុងហាងមួយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣។ទីកំណើតស្រុកពាមជរ ខេត្តព្រៃវែង។

តាមស្ត្រីជាប្រពន្ធអ្នកស្លាប់បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ២នាក់ បានជិះម៉ូតូម៉ាកនិច ផ្លាកលេខភ្នំពេញ1IJ-9545 ចេញពីកន្លែងធ្វើការ ទៅទិញបាយឱ្យប្រពន្ធ។

ប៉ុន្តែបុរសម្នាក់ដែលនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគាត់​បានឮសំឡេងម៉ូតូ និងសំឡេងស្រែកថាចោរៗ ហើយក្រោយមក​ក៏ឮសូរប្រាវ គាត់ក៏បានបើកទ្វារចេញមកមើលឃើញ​ជនរងគ្រោះទាំង២នាក់ និងម៉ូតូដួលនៅក្បែរបង្គោលភ្លើង។

បន្ទាប់មកក៏មានរថយន្តពេទ្យ បានមកដឹកអ្នករបួសទៅសង្គ្រោះ តែជា​អកុសលជនរងគ្រោះម្នាក់បានស្លាប់នៅនឹងកន្លែង។ ចំណែកជនរងគ្រោះ​ដែលនៅមានដង្ហើម ខាងរថយន្តពេទ្យដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីនោះនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះយកម៉ូតូ​ជនរងគ្រោះទៅទុកនៅអធិការដ្ឋានខណ្ឌមានជ័យ។ចំណែកសព​ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕