សន្ដិសុខសង្គម

ឃាត់ខ្លួនអ្នកលេងល្បែងបានចំនួន ៩នាក់ នៅភូមិស្រអែមខាងត្បូង

ដោយ :បន្ទាយ
ព្រះវិហារ ៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានចុះទៅដល់ទីតាំង​លេងល្បែងស៊ីសងខុសច្បាប់១កន្លែង ស្ថិតនៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនអ្នកលេងល្បែងបានចំនួន ៩នាក់ ស្រី៥នាក់ ។


សមត្ថកិច្ចអោយដឹងកាលពីថ្ងៃទី០៣ខែកុម្ភ: ថា : អ្វីដែលសមត្ថកិច្ចត្រូវតែបង្ក្រាប ឃាត់ខ្លួន ហើយកសាងសំណុំរឿងត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូងនោះខមកពី មុខសញ្ញា​ទាំងនេះធ្លាប់ត្រូវបានធ្វើកិច្ចសន្យា ជាមួយសមត្ថកិច្ចច្រើនដងមកហើយនិងដោយសារ​មានបណ្តឹងពីពលរដ្ឋដែលរងគ្រោះ( ប្តី ប្រពន្ធចាញ់ល្បែង ឯអ្នកភូមិខ្លះបានបាត់ទ្រព្យដែលបង្កពីការលួច) ព្រមទាំងមានការសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានផងដែរ(ពីមុន គេសង្ស័យអាជ្ញាធរមាន​សមត្ថកិច្ចមូលដ្ឋានបានសមគំនិត បិទភ្នែក)។

សមត្ថកិច្ចបានបន្តថា : ការបង្ក្រាបនោះ សមត្ថកិច្ចនគរបាលបានដកហូតបានម៉ូតូចំនួន ៥គ្រឿង រថយន្តចំនួន ១គ្រឿង ទូរសព្ទដៃចំនួន៥គ្រឿង ចានបាញ់អាប៉ោង១ កាធុនក្រឡុកខ្លាឃ្លោកចំនួន៧ ហាន់តោខ្លាឃ្លោកចំនួន៩ មេខ្លាឃ្លោកចំនួន ៣៩គ្រាប់ តេលេបញ្ជាខ្លាឃ្លោកចំនួន១ បៀចំនួន៥ហ៊ូ ។

សមត្ថកិច្ចកំពុងសួរនាំ និងបន្តនីតិវិធីកសាងសំណុំរឿងត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូង៕