សន្ដិសុខសង្គម

តាមចាប់ខ្មាន់កាំភ្លើង ករណីចូលបាញ់មនុស្សដល់ក្នុងផ្ទះយ៉ាងសាហាវ

ដោយ៖វិចិត្រ
ពោធិ៍សាត់៖ ខ្មាន់កាំភ្លើងមានគ្នា២នាក់ ជិះម៉ូតូឌុបគ្នាមកឈប់មុខផ្ទះជនរងគ្រោះ ម្នាក់បានចូលទៅបាញ់មនុស្សក្នុងផ្ទះនោះ បណ្តាលឱ្យរងរបួស៣នាក់។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងស្ថិតនៅភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់ កាលពីម៉ោងប្រមាណ៨យប់ថ្ងៃទី២ ខែកុម្ភៈ។

រហូតព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៤នេះ គេមិនទាន់បានដឹងពីតម្រុយក្រុមជនដៃដល់នៅឡើយទេ ខណៈសមត្ថកិច្ចពាក់ព័ន្ធកំពុងមមាញឹក បើកការស៊ើបអង្កេតស្រាវជ្រាវតាមជំនាញរៀងៗខ្លួន និងស្វែងរកចាប់ខ្មាន់កាំភ្លើង យកមកចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា តាមការពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាព ឃើញក្រុមជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១០០ អ្នកបើកម៉ូតូពាក់មួកកាតិប។ រីឯជនដៃដល់ពាក់អាវពណ៌ស ពាក់មួកសុវត្ថិភាព បានមកឈប់មុខផ្ទះជនរងគ្រោះ។ពេលនោះជនដៃដល់ម្នាក់ បានដើរចូលទៅក្នុងផ្ទះហើយបាញ់៦ទៅ៧គ្រាប់ ខណៈក្រុមគ្រួសារកំពុងជួបជុំហូបបាយ បណ្ដាលឱ្យរងរបួស៣នាក់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យទាំងកណ្តាលយប់។ក្រោយបាញ់ប្រហារខ្មាន់កាំភ្លើងបានរត់ឡើងម៉ូតូ ដែលបក្ខពួកបញ្ឆេះរង់ចាំ ហើយគេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ទិត្យ កុសល អាយុ ៣៤ឆ្នាំ ជាអាជីវករទិញលក់ត្រី រងរបួសធ្ងន់ស្ថិតក្នុងការសង្រ្គោះបន្ទាន់។ ឈ្មោះ ជា វួចហេង អាយុ ៣៣ឆ្នាំជាប្រពន្ធ និងឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ រងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងដើម្បីពិនិត្យស្ថានការណ៍ ហើយបើកការស្រាវជ្រាវភ្លាមៗ៕